កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ពាក់ព័ន្ធជាមួយករណីរថយន្តបាឡែន (ពណ៌ស) ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយបានបាត់សម្ភារមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។
ចំណែក សម្ភារមួយចំនួនដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានដោះស្រាយសំណង ជាមួយម្ចាស់រថយន្តនិងបានធ្វើកិច្ចព្រមព្រៀងរួចរាល់ហើយ ។
បើតាមហ្វេសប៊ុកឈ្មោះហុក តាំងហុង Hok Tanghong ដែលជាម្ចាស់រថយន្ត បានរៀបរាប់ថា សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ កាលពីព្រឹកម្សិលមិញ ត្រូវនឹងថ្ងៃទី១៣ ឧសភា ២០២០ ដោយមានការសោកស្តាយ និងឈឺចាប់នៅការបាត់បង់សម្ភារ របស់រថយន្ត(គ្រឿងរថយន្ត) នៅបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល។
ខ្ញុំបាទបានធ្វើការបង្ហោះជាវីដេអូរឃ្លីបខ្លីមួយ អមជាមួយរូបភាពមួយចំនួន ស្តីពីការបាត់បង់សម្ភារទាំងនោះនៅថ្ងៃទី ១៣ ឧសភា ២០២០។ ដោយនៅរសៀលថ្ងៃទី១៤ ឧសភា ២០២០នេះ នៅអង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានជួយសម្រួលជាសំណងនូវថវិកាចំនួន ១២០០ដុល្លារក្នុងការបាត់បង់ សម្ភាររថយន្តរបស់ខ្ញុំបាទវិញ។
ឆ្លៀតក្នុងឨកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ ដែលបានជួយអន្តរាគមន៍ទាន់ពេល លើបញ្ហាដែលកើតឡើងនេះ ហើយក៏សូមអរគុណដល់មហាជនលើបណ្ដាញសង្គមហ្វេសបុក និងបណ្តាសារព័ត៌មានទាំងអស់ដែលបានជួយLike&share បន្តជួយផ្សព្វផ្សាយព័ត៌មានទាំងនេះដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបខ្ញុំ។
គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីបញ្ចប់ ដោយផ្តិតមេដៃ ប្រគល់ទទួលថវិការួចរាល់ ម្ចាស់រថយន្ត បានលុបរូបថត វីដេអូ និងសារដែលបានបង្ហោះលើហ្វេសប៊ុក នាពេលកន្លងមកនោះ ហើយបានសរសេរជាថ្មី ដោយបានថ្លែងអំណរគុណដល់សមត្ថកិច្ច និងបងប្អូនអ្នកលេងហ្វេសប៊ុក អ្នកសារព័ត៌មាន ដែលបានជួយខ្នះខ្នែងក្នុងរឿងនេះ ល្បីពេញបណ្តាញសង្គម និងឮដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
សូមសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធជាមួយករណីរថយន្តបាឡែន(ពណ៌ស) ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយបានបាត់សម្ភារមួយ។
ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា “បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួលទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែក សម្ភារមួយចំនួន ដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នឹងដោះស្រាយជាមួយម្ចាស់រថយន្ត”។
បុរសម្នាក់ជាម្ចាស់រថយន្ត បានសរសេរសារលើហ្វេសប៊ុក Hok Tanghong នៅព្រឹក ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ថា “នេះហើយឡានខ្ញុំ ដែលបានរក្សាទុកនៅ ក្នុងអធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពេលមកគ្រឿងពេញដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់សុំខ្លាច ហើយលោកប៉ូលិសអើយធ្លាប់តែឮគេថា ឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”។
បន្ទាប់ ពី ម្ចាស់ រថយន្ត បានបង្ហោះ អំពី ការបាត់បង់ គ្រឿងរថយន្តស្ទើរតែអស់ ខណៈរក្សាទុកនៅ អធិការ ដ្ឋាន នគរបាល ស្រុក អង្គស្នួល មហាជន រិះគន់ ខ្លាំង ទៅលើ មន្ត្រី នគរបាល ស្រុក អង្គស្នួល ៕
ដោយ៖កូឡាប