ខេត្តស្វាយរៀងៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមសួរសុខទុក្ខ និងផ្តល់អំណោយផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ខ្នង ១ របស់លោក ឃួន រ៉ា ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។
ជាមួយគ្នានេះលោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គិភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។
សូមជម្រាបជូនថា ផ្ទះដែលឆេះកាលពីល្ងាចថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៥និង៤០ នាទី នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ធ្វើអំពីឈើ ថ្មខាងក្រោម ដំបូលសង្ក័សី ជញ្ជាំងឈើ ទំហំ ៨គុណ១៦ម៉ែត្រ មូលហេតុទុស្សេខ្សែភ្លើង៕
ដោយ៖វ៉ៃកូ