ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានជួបពិភាក្សាការងារជាមួយ ក្រុមការងារអនុវត្តគំរោងជំនួយរដ្ឋាភិបាលជប៉ុន ផ្តល់មកស៊ីម៉ាក់ សំរាប់ឆ្នាំ២០១៨នេះ ដែលមានទឹកប្រាក់ជិត៨លានដុល្លារអាមេរិក។
លោក ហេង រតនា បានបញ្ជាក់ថា នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០១៨ លោកបានជួបពិភាក្សាការងារជាមួយ ក្រុមការងារអនុវត្តគំរោងជំនួយរដ្ឋាភិបាលជប៉ុនផ្តល់មកសុីម៉ាក់ សំរាប់ឆ្នាំ២០១៨នេះ ដោយមានទឹកប្រាក់ជិត៨លានដុល្លារអាមេរិក ដោយក្នុងនោះការគាំទ្រការបោសសំអាតមីននិងជួយគាំទ្រដល់ជនរងគ្រោះដោយសារមីនផ្ទាល់នៅខេត្តបាត់ដំបង ទិស៤ស្រុក រួមមានស្រុកសំឡូត រតនមណ្ឌល បាណន្ត និងស្រុកបរវេល មានចំនួនប្រមាណជិត៤លានដុល្លារអាមេរិក និងទិញគ្រឿងចក្រកំទេចមីនចំនួន៥គ្រឿងបូករួមនឹងគ្រឿងបន្លាស់ចំនួនជាង៣.៤លានដុល្លារ និងតង់ស្នាក់នៅសំរាប់អ្នកដោះមីនមានចំនួន៥០តង់ធំ ។ គ្រឿងចក្រនិងសំភារះនឹងមកដល់កម្ពុជា នៅចុងខែមិនា ២០១៨នេះ ។ ទន្ទឹងនឹងនេះ នឹងមានការអនុវត្តរួមគ្នានៃគំរោងគាំទ្រដល់ប្រទេសកូឡំប៊ី (Colombia) ដោយរដ្ឋាភិបាលជប៉ុនជួយសំភារះ រីឯសុីម៉ាក់ផ្តល់ការហ្វឹកហ្វឺន។ យើងខិតខំទាំងអស់គ្នា ដើម្បីពិភពលោកមួយគ្មានគ្រាប់មីន៕ ដោយ៖បញ្ញាស័ក្តិ