ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បាន អនុម័តកញ្ចប់ថវិកាចំនួន ១៥លានដុល្លារអាមេរិក ដែលជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យមុនពេលចូលបម្រើការងារ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យ មុនចូលបម្រើការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project) ក្នុងគោលដៅឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាពឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលអ្នកសារព័ត៌មានទទួលបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រទេសកម្ពុជានៅជួបការខ្វះខាតគ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេស នៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមាន វេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកានិង ឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់ មនុស្ស ១០ ០០០ នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែនធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និង គិលានុបដ្ឋាយិកា ១៩នាក់សម្រាប់មនុស្ស
១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេសមានចំណូលទាប និង មធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក។
នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺកម្រិតទីពីរ(មធ្យម) និង កម្រិតទីបី(ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា និង ឆ្មប ជាអ្នកមើលថែទាំជំងឺ។ ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅបម្រើការងារ នៅ តាម មន្ទីរពេទ្យខេត្ត (មាន ៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មាន ដល់ទៅ ៧៩ភាគរយ)។
ដើម្បីជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោង នឹង ជួយ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួង សុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមាន ការពង្រឹងបទប្បញ្ញត្តិ និង ការធ្វើស្តង់ដានីយកម្មសម្រាប់ ការ អប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ, និង ការផ្តល់ជំនួយបច្ចេកទេស និង ការ ដោះដូរចំណេះដឹងបទពិសោធន៍ស្តីពីការអប់រំគ្រូពេទ្យជំនាញ។
គម្រោងនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និង ការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈមណ្ឌល បណ្តុះបណ្តាលតំបន់ នៅ ក្នុង កម្មវិធីគ្រូពេទ្យជំនាញចំនួនប្រាំមួយ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុង យុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់ ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់ ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាព បរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូល ទៅក្នុងការអភវិឌ្ឍរៀបចំ និង ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើ សមត្ថភាព ទាំងនេះ នាពេលខាងមុខ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការវិនិយោគទៅលើការ កសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និង ជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និង ការ ពង្រឹងអភិបាលកិច្ច វិស័យសុខាភិបាល គឺ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។
លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោក ប្តេជ្ញាចិត្តជួយ គាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព សម្រាប់ ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និង ក្រុមជនងាយរងគ្រោះបំផុត»៕ដោយ៖កូឡាប