ភ្នំពេញ៖ ចំណងទាក់ទងមិត្តភាព រវាងកម្ពុជានិងចិន នាសម័យតេជោសែន នឹងកាន់តែមានភាពត្រចះត្រចង់ និងវឌ្ឍនភាព ហើយតាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវប្បធម៌ និងព័ត៌មាន រវាងកម្ពុជានិងចិន។
ស្លាកសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនត្រូវបានសម្ពោធនៅកងពលតូចលេខ៧០ និងបានធ្វើពិធីបិទដំណើរភាពយន្ត ចល័តចិន-ខ្មែរ ដ៏ឆ្នើមលើកទី២ ។ ពិធីសម្ពោធនិងបិទខ្សែភាពយន្តនេះប្រព្រឹត្តទៅនាថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨នេះ។
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន លោក ជា មុនីឫទ្ធិ បានមានប្រសាសន៍ថា ការចាក់បញ្ចាំងខ្សែភាពយន្តរបស់វិទ្យុមិត្តភាពកម្ពុជា-ចិនរាត្រីនេះក៏ជាកត្តាលីករជំរុញបន្ថែមទៀត ដល់កិច្ចសហការជាមិត្តភាព រវាងប្រជាជាតិទាំងពីរ តាមយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយ និងដើម្បីចូលរួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការអបអរសាទរនូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ការទូតរ វាងកម្ពុជានិងចិនរយៈពេល៦០ ឆ្នាំមកនេះ ។ លោក សង្ឃឹមថា ចំណងទាក់ទងមិត្តភាព រវាងកម្ពុជានិងចិន នាសម័យតេជោសែន នឹងកាន់តែមានភាពត្រចះត្រចង់និងវឌ្ឍនភាព ។ សេនានុព័ន្ធយោធាចិន ប្រចាំកម្ពុជា លោក វរសេនីយ៍ឯក លី នីងយ៉ា បានថ្លែងថា ឆ្នាំ២០១៨ គឺជាឆ្នាំនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិនក៏ជា ឆ្នាំនៃសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ចាប់កំណើតដែរ ហើយក៏ឆ្នាំដែលស្ថានីយ៍ វិទ្យុមិត្តភាព-ចិន ចាប់ដំណើរការ១០ឆ្នាំមកហើយ ។ មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ថា វិទ្យុមិត្តភាពកម្ពុជាចិន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវប្បធម៌ និងព័ត៌មាន រវាងប្រទេសទាំងពីរកម្ពុជានិងចិន ជាពិសេសបានរួមចំណែកដ៏ធំ ក្នុងការផ្សារភ្ជាប់ដួងចិត្ត រវាងប្រជាជននៃ ប្រទេសទាំងពីរ ដែលស្របនឹងគោលគំនិតទី៥ នៃយុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលដាក់ចេញ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏បាន រួមចំណែកក្នុងការ ផ្សព្វផ្សាយ នូវទឹកចិត្តនិងមនោសញ្ចេតនា របស់ប្រជាជនចិន មកកាន់ប្រជាជនខ្មែរ និងការស្វែងយល់ពីគ្នា ទៅវិញទៅមករវាងប្រជាជាតិ នៃប្រទេសទាំងពីរផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ