ក្រុងឈៀងម៉ៃ ប្រទេសថៃ៖ កម្ពុជានឹងទទួលបានជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ានចំនួន៣ រមណីយដ្ឋានទេសចរណ៍អាស៊ាន ប្រកបដោយចីរភាពចំនួន២ សណ្ឋាគារបៃតងអាស៊ានចំនួន៥ និង MICE អាស៊ានចំនួន៥ ពីវេទិកាទេសចរណ៍អាស៊ាន២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។
ជ័យលាភីដែលកម្ពុជានឹងទទួលបានមានដូចខាងក្រោម៖ ១៖ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន៣ (ក្រុងបាត់ដំបង ក្រុងកែប និងក្រុងសៀមរាប)។ ២៖ រមណីយដ្ឋានទេសចរណ៍អាស៊ានប្រកបដោយចីរភាពចំនួន២ (វត្តភ្នំ និងកសិ-ទេសចរណ៍ចំការម្រេចកំពត)។ ៣៖ សណ្ឋាគារបៃតងអាស៊ានចំនួន ៥ គឺ សណ្ឋាគារ រីសត ថ្ងៃបាំងឆ័ត្រ នៅខេត្តកែប ភូមិបៃតង ឋានសួគ៌ធម្មជាតិ នៅខេត្តសៀមរាប សណ្ឋាគារ រីសត Sokhalay Angkor នៅខេត្តសៀមរាប សណ្ឋាគារ រីសត និងភោជនីយដ្ឋាន Nataya Round House Coral Bay នៅខេត្តកំពត សណ្ឋាគារ Villa Lang Ka Boutique នៅរាជធានីភ្នំពេញ។ ៤៖ បន្ទប់ប្រជុំស្តង់ដារអាស៊ាន ASEAN MICE (Meetings, Incentives, Conferencing, Exhibitions) អាស៊ានចំនួន៥ គឺសណ្ឋាគារ រីសត Sokha សៀមរាម និង Convention Center សណ្ឋាគារ Garden City នៅរាជធានីភ្នំពេញ សណ្ឋាគារ រីសត Sokhalay និង Spa នៅខេត្តសៀមរាប សណ្ឋាគារ Sofitel ANGKOR Phukettra នៅខេត្តសៀមរាប និងសណ្ឋាគារ រីសត Apsara Palace នៅខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ បានចាត់ទុកកម្ពុជាជាប្រទេសនាំមុខក្នុងការរៀបចំស្តង់ដារ ទេសចរណ៍អាស៊ាន ចំនួនពីរ គឺ ទីក្រុងស្តង់ដារទេសចរណ៍ស្អាតអាស៊ាន និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីចែកពានរង្វាន់ជ័យលាភី នឹងរៀបចំនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី ២១ (21st Meeting of ASEAN Tourism Ministers) បានបញ្ចប់ប្រកបដោយជោគជ័យ ដោយក្នុងឆ្នាំ២០១៧ អាស៊ានទទួលបានទេសចរអន្តរជាតិចំនួន ១២៥លាននាក់ ក្នុងកំណើន៨,៤% ក្នុងនោះការធ្វើដំណើរផ្ទៃក្នុងអាស៊ាន មាន ៤២% នៃទេសចរអន្តរជាតិសរុប។
ជាមួយនឹងការសម្រេចបានកំណើននៃការមកដល់របស់ទេសចរអន្តរជាតិគួរជាទីមោទនៈ អាស៊ានក៏ទទួលបានកំណើននៃរយៈពេលស្នាក់នៅមធ្យមរបស់ទេសចរអន្តរជាតិ (Average length of stay) ដែលកើនដល់ប្រមាណ ៧.៩៨ ថ្ងៃ ហើយចំណូលពីវិស័យទេសចរណ៍អាស៊ានកើនដល់ប្រមាណ ៩៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧។
នៅក្នុងកិច្ចប្រជុំនេះក៏មានកិច្ចពិភាក្សាជាមួយដៃគូសន្ទនាសំខាន់ៗ ដូចជា UNWTO, WTTC, ACC, AJC, AKC, PATA, ASEANTA, ATRA, US-ABC។ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានធ្វើការប្រជុំពិនិត្យសម្រេចលើចំណុចសំខាន់ៗមួយចំនួន ៖
ពិនិត្យបច្ចុប្បន្នភាពនៃការរីកចម្រើនវិស័យទេសចរណ៍ក្នុងតំបន់ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ពិនិត្យ និងវាយតម្លៃសកម្មភាពយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន Visit ASEAN@50 ពិនិត្យការអនុវត្តស្តង់ដាគុណភាពទេសចរណ៍អាស៊ាន ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
នាឱកាសកិច្ចប្រជុំនេះ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់នៃការជំរុញលំហូរទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN travellers) ឲ្យមានកំណើនជាប់ជាប្រចាំ ដែលជាកត្តាកំណត់ដ៏សំខាន់នៃកំណើនទេសចរណ៍អាស៊ាន។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន ក្នុងក្របខ័ណ្ឌយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន Visit ASEAN@50 នៅក្នុងពិធីបុណ្យសមុទ្រ ពិធីបុណ្យទន្លេ និងពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៧ (CTM 2017) និងបានអញ្ជើញប្រទេសសមាជិកអាស៊ានចូលរួមក្នុង”ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ” ឆ្នាំ២០១៨” ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “សន្និសីទអន្តរជាតិលើកទី២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន” (The 2nd International Conference of MRA) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានចេញសេចក្តីប្រកាសរួមដោយផ្តោតលើ៖១. ការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ២.ការពង្រីកកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន (បន្ទាប់ពីជោគជ័យនៃយុទ្ឋនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន អបអរសាទរខួបទី៥០ឆ្នាំនៃការបង្កើតអាស៊ាន Visit ASEAN@50) ៣. សេចក្តីប្រកាសរួមស្តីពីទេសចរណ៍តាមនាវា (Joint Declaration on Cruise Tourism) ៤. ការអភិវឌ្ឍផលិតផលទេសចរណ៍អាស៊ាន ពិសេសការរៀបចំខ្សែទស្សនកិច្ចរួមគ្នា និងការដាក់ចេញ សេចក្តីប្រកាសរួមស្តីពីទេសចរណ៍ម្ហូបអាហារ (Joint Declaration on Gastronomy Tourism)
៥. ការជំរុញវិនិយោគ
លើហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបកំណើននៃវិស័យទេសចរណ៍ ៦. ការជំរុញ “ទេសចរណ៍សម្រាប់ទាំងអស់គ្នា” (Tourism for All) ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្បទា ផលិតផល និងសេវាទេសចរណ៍ សម្រាប់ជនពិការ ទេសចរវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ
៧. ស្តង់ដាគុណភាពទេសចរណ៍ ៨. ការពង្រឹងគុណភាពអ្នកជំនាញទេសចរណ៍អាស៊ាន ៩. ការពង្រឹងការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ។
ព្រមជាមួយនឹងកិច្ចប្រជុំនេះ ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ក៏ត្រូវបានបើកផងដែរ ដោយមានស្តង់ពិព័រណ៍ចំនួន ១១៨ស្តង់ ក្នុងនោះមានអ្នកលក់ (Sellers) ចំនួន ៦៥០ ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន២៤០ ក្រុមហ៊ុន មកពី ៥២ ប្រទេស និងប្រព័ន្ធផ្សព្វផ្សាយ (Media) ចំនួន ១៥០ មកពី ២៨ ប្រទេស។
នៅថ្ងៃទី២៦ខែមករា នឹងបន្តកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា និងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន រួមមាន រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City Awards) រង្វាន់សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Awards) រង្វាន់បន្ទប់ប្រជុំ អាស៊ាន (ប្រភេទក្នុងសណ្ឋាគារ) (ASEAN MICE Venue Awards) និងរង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Awards)៕ ដោយ៖បញ្ញាស័ក្តិ