ភ្នំពេញ ៖ រថយន្ដព្រូសរេចង្កូតបុកជាមួយរថយន្ដដឹកអេតចាយមួយគ្រឿងបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាតរថយន្ដមួយចំហៀងដោយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហតុឃើញរថយន្ដដឹកអេតចាយមួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ3C-1657 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ។ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយទៀតម៉ាកព្រូសពណ៌ទឹកសមុទ្រពាក់ផ្លាកលេខភ្នំពេញ2AK-9270 ធ្វើដំណើរពីត្បូងមកជើងបញ្ច្រាសផ្លូវគ្នាក្នុងល្បឿនលឿន ដោយខណៈនោះមេឃភ្លៀងហើយផ្លូវក៏រអិល ទៅបុកនិងរថយន្ដដឹកអេតចាយរេចង្កូតធ្លាក់ផ្លូវអូសក្រឡាប់ជាច្រើនម៉ែត្របណ្ដាលឲ្យខូចខាតរថយន្ដស្ទើរតែមួយចំហៀង ចំពោះករណីខាងលើកនេះគ្មានអ្នករងរបួសឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ចំណុចកើតហេតុឲ្យភាគីទាំង២ដោះស្រាយគ្នា តែខាងរថយន្ដដឹកអេតចាយទារសំណងមិនត្រូវគ្នាជាមួយនិងភាគីរថយន្ដព្រូស ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សារទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សហការី CEN