ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិថ្លែងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែអនុវត្តរួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំបញ្ចប់យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងត្រៀមរៀបចំគម្រោងថ្មីមួយ ដែលផ្ដោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាលក្ខណៈអាជីវកម្ម និងអាជីវកម្ម សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន និងសម្រាប់ទីផ្សារក្នុងស្រុក។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក យ៉ៅ យូយ៉ា (Yao Yuya) នាយកប្រតិបត្តិក្រុមហ៊ុនហ៊ួវ៉េកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ ក្រុមហ៊ុនហ៊ួវ៉េកម្ពុជា បានជម្រាបជូនពីប្រវត្តិនៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា ក៏ដូចជាជម្រាបជូនពីផលិតផល និងសេវានានាដែលផ្ដល់ជូនដោយក្រុមហ៊ុនហ៊ួវ៉េ រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពល បណ្ដាញប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងកម្មវិធី និងសេវាឌីជីថលផ្សេងៗ។
លោក យ៉ៅ ក៏បានជម្រាបពីការងារមួយចំនួនដែលក្រុមហ៊ុនហ៊ួវ៉េកំពុងតែអនុវត្តជាមួយរដ្ឋាភិបាលផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាពទាក់ទងនឹងវិស័យបច្ចេកវិទ្យាមួយចំនួន។ ដោយយោងលើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុនហ៊ួវ៉េ ជួយអំពាវនាវ និងជ្រោមជ្រែងឲ្យមានការវិនិយោគ ពីក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រៅប្រទេស ដើម្បីបង្ហាញពីសក្ដានុពលនៃទីផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា៕
ដោយ៖សម្ផស្ស