ស្ទឹងត្រែង៖ កម្មករនៅក្នុងក្រុមហ៊ុនអង្គបាណាណា បានយល់ព្រមពីការសម្របសម្រួល និងបញ្ឈប់ការតវ៉ាជាមួយក្រុមហ៊ុន មានទីតាំងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកបួរ វិរុន ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ថា កម្មករធ្វើការនៅក្រុមហ៊ុនអង្គរបាណាណា ដែលតវ៉ារឿងប្រាក់ខែ និងទាមទារសិទ្ធិការងារកាលពីថ្ងៃទី ៩ មិថុនា បានយល់ព្រមការសម្របសម្រួលចំនួន ៤ ចំណុចរវាងកម្មករនិងមេការក្រុមហ៊ុនហើយ។
លោក ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបន្តថា កម្មករបានយល់ព្រមចំនួន ៤ចំណុច ក្រោយពីលោកចុះទៅសម្របសម្រួល។
លោកវិរុន បានលើកឡើងថា កម្មករបានស្នើសុំចំនួន ៥ ចំណុច ទៅកាន់ក្រុមហ៊ុន។ មានដូចជា ចំណុចទី ១ មិនចង់ឲ្យមានការផ្លាស់ប្ដូរកម្លាំងពលកម្ម លើវេនការងារ (សម្រាកមួយថ្ងៃធ្វើមួយថ្ងៃ)។ ទី២ ផ្នែកការងារវេចខ្ចប់ សុំឲ្យក្រុមហ៊ុនរក្សាកម្មករចាស់ ឲ្យនៅបម្រើការងារដដែល។ ចំណុចទី ៣ ការងារកាច់ផ្កាស្រោបចេក ចងខ្សែចេកសុំឱ្យមានការទូទាត់ប្រាក់ឈ្នួល ឲ្យបានទៀងទាត់ ក្រោយបំពេញការងាររួច។ ចំណុចទី ៤ ការងារតាមឡូត៍សុំឲ្យក្រុមហ៊ុនដោះស្រាយប្រាក់ឈ្នួល ឲ្យបានត្រឹមត្រូវដល់មេឡូត៍នីមួយៗ។
ការជួបចរចារវាងកម្មករ និងមេការក្រុមហ៊ុនចំនួន៤ ចំណុចខាងលើនេះ បានព្រមព្រៀងគ្នាបញ្ឈប់ឲ្យមានការតវ៉ា។ ដោយឡែកនៅមួយចំណុចទៀត គឺចំណុចទី ៥ ដែលកម្មករបានលើកឡើងនោះ។ ចំណុចទី ៥ កម្មករលើកឡើងថា ករណីមេការក្រុមហ៊ុន មិនឲ្យមានជ្រើសរើសកម្មករផ្ទាល់ខ្លួន។ ចំណុចទី ៥ នេះ កម្មករនិងមេការក្រុមហ៊ុន នៅខ្វែងគំនិតគ្នាដោះស្រាយមិនទាន់ចេញនៅឡើយទេ។
លោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលជីវៈខេត្ត បានបញ្ជាក់ថា ចំណុចទី ៥ តំណាងកម្មករ នៅប្រកាន់ជំហរទាមទារដដែល។ ចំណែកតំណាងក្រុមហ៊ុន នៅតែខ្វែងគំនិតគ្នាដោះស្រាយមិនទាន់ចប់។
ការសម្របសម្រួលឃើញថា ៥ ចំណុច ដែលកម្មករបានលើកឡើង ទាមទារពាក់ព័ន្ធនឹងប្រាក់ឈ្នួលការងារនោះមាន ៤ ចំណុច បានយល់ស្របគ្នាហើយ នៅសល់តែចំណុចទី ៥ ពុំទាន់ឯកភាពគ្នានៅឡើយ។ ប៉ុន្តែកម្មករទាំងអស់ បានយល់ព្រមតាមការលើកឡើង របស់ក្រុមហ៊ុន ក្រោយពីមានការសម្របសម្រួល ពីប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ហើយបានយល់ព្រមបម្រើការងារ នៅក្នុងក្រុមហ៊ុនតាមមុខងាររៀងៗខ្លួន៕
ដោយ៖សុខុម