ស្ទឹងត្រែង៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរស្វាយនៃវរៈការពារព្រំដែនគោកលេខ 701 បានឃាត់ខ្លួនបុរសជនជាតិចិនចំនួន៦នាក់ កាលពីវេលាម៉ោងជាង 10 យប់ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2020 ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ជនជាតិចិនចំនួន៦នាក់ រួមទាំងអ្នកបើកបរជនជាតិខ្មែរម្នាក់ បានធ្វើដំណើរតាមរថយន្តមួយគ្រឿង ម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខព្រះសីហនុ2C9800។
បុរសជនជាតិខ្មែរម្នាក់ ឈ្មោះតុំ ច័ន្ទបុរី ដឹកជនជាតិចិនទាំង 6 នាក់ រួមនឹងសម្ភារបានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមកកាន់ទិសឦសាន្ត បម្រុងឆ្លងដែនតាមច្រករបៀងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជាឡាវ។ ហើយក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្រកអូរស្វាយវីរៈការពារព្រំដែនលេខ 701 ឃាត់ខ្លួនសួរនាំ រកលិខិតស្នាមពាក់ព័ន្ធនឹងគោលបំណងលួចឆ្លងដែន ដោយខុសច្បាប់ ទៅកាន់ប្រទេសឡាវ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រកឃើញថា ជនជាតិចិនទាំង៦នាក់ មិនមានលិខិតស្នាមឬឯកសារគ្រប់គ្រាន់ ដើម្បីធ្វើដំណើរឆ្លងដែន ពីប្រទេសកម្ពុជា កាត់តាមច្រករបៀងភូមិសាស្ត្រស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវនោះឡើយ។
ឃើញដូចនេះហើយ នគរបាលខេត្តស្ទឹងត្រែង បានទំនាក់ទំនងទៅកាន់ថ្នាក់លើ ដើម្បីបញ្ជូនជនជាតិចិនទាំង៦នាក់ រួមទាំងរថយន្តស្តារិចមួយគ្រឿង ទៅកាន់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរាជធានីភ្នំពេញទាំងយប់៕
ដោយ៖សុខុម