ការទទួលទានផ្លែឈើជាប្រចាំពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាជួយធ្វើឲ្យសុខភាពយើងល្អ និងជួយសម្អាតសារធាតុពុលក្នុងរាងកាយបានទៀតផង។ ថ្ងៃនេះ CEN សូមណែនាំផ្លែឈើមួយចំនួន ដែលអ្នកគួរទទួលទាន បើចង់ទទួលបានរាងកាយខាងក្នុងស្អាត។ ផ្លែឈើទាំងនោះមានដូចខាងក្រោមនេះ៖
១. ផ្លែប៉ោម
ផ្លែប៉ោមប្រសើរណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀនដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើឲ្យឲ្យមុខងារពោះវៀនកាន់តែប្រសើរឡើង។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃជាតិទឹក និងជាតិសរសៃដែលចាំបាច់សម្រាប់ការស្រកទម្ងន់។ ការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរ។
២. ផ្លែទទឹម
ផ្លែឈើនេះមានប្រសិទ្ធភាពបង្កើនបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ហើយកម្ចាត់នូវរាល់ជាតិពុលគ្រោះថ្នាក់។ ការទទួលទានផ្លែទទឹមក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។
៣. ផ្លែម្នាស់
ជាប្រភពដ៏ប្រសើរនៃម៉ង់កាណែសនិងវីតាមីន C ដែលជួយសម្អាតពេញក្នុងរាងកាយ។ លើសពីនេះទៅទៀតម្នាស់មានផ្ទុកសារធាតុ Bromelain ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង និងថែមទាំងដើរតួជាថ្នាំអង់ទីប៊ីយ៉ូទិកកាត់បន្ថយការរលាកក្នុងរាងកាយទៀតផង។
៤. ផ្លែល្ហុង
ផ្លែឈើនេះជួយសម្រួលដល់ប្រសិទ្ធភាព នៃការរំលាយអាហារល្អ សម្រាប់ការសម្អាតក្នុងរាងកាយ។ ផ្លែល្ហុងក៏ជាប្រភពដ៏ល្អនៃវីតាមីននិងជាតិរ៉ែចាំបាច់ ដែលជួយបង្កើនកម្រិតនៃថាមពល។
៥. ផ្លែឪឡឹក
ជាប្រភពដ៏ប្រសើរនៃជាតិទឹក ជាតិសសៃ វីតាមីន និងជាតិរ៉ែដែលជួយកម្ចាត់រាល់ជាតិពុលពីក្នុងរាងកាយ។
៦. ដូង
ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោម និងថែមទាំងអាចបំបែកក្រួសក្នុងតម្រងនោមបានផងដែរ៕
អត្ថបទ៖ health.com.kh