ភ្នំពេញ – ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ 202៤ – សហគ្រិនខ្មែរ បានប្រកាសបើកដំណើរការកម្មវិធី «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន ៥០ មកពីទូទាំង ប្រទេសកម្ពុជា។ សហគ្រិនខ្មែរមានបំណងកសាងសមត្ថភាពនិងជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍របស់យុវជននៅកម្ពុជា។ គួរកត់សម្គាល់ថា កម្មវិធី សហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣ នេះត្រូវបានទទួលមូលនិធិផ្គត់ផ្គង់ទាំងស្រុង ពីសហគ្រិនខ្មែរ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការពន្លឿន និងបណ្តុះបណ្តាលជំនាញសហគ្រិនភាព របស់យុវជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើត នវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីសហគ្រិន មហាវិទ្យាល័យ អនុញ្ញាតឱ្យយុវសិស្សរាប់ពាន់នាក់មានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់ គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
កម្មវិធីនេះរចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ មានគោលដៅធំក្នុងការបណ្តុះបណ្តាល និស្សិតប្រមាណ ២.០០០ នាក់ មកពី ៥០ ស្ថាប័នអប់រំ ដោយក្នុងនោះមានការបង្កើតធុរកិច្ចថ្មី ប្រមាណ៧៥ និងពង្រឹងសមត្ថភាពគ្រូបង្វឹក ៣៥ នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងផ្នែកសហគ្រិនភាពសំខាន់ៗ ដែលអាចយកទៅអនុវត្ត កម្មវិធីសហគ្រិន មហាវិទ្យាល័យក្នុងស្ថាប័នផ្ទាល់រៀងៗខ្លួន។ ក្នុងការកសាងប្រព័ន្ធ សហគ្រិនភាពដែលមានភាព ប្រទាក់ក្រឡាគ្នា សហគ្រិនខ្មែរ បាននិងកំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នៅកម្ពុជា ដែលការងារនេះ នឹងជម្រុញកំណើនសេដ្ឋកិច្ច និងជំរុញវឌ្ឍនភាពសង្គម។
កម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដោយមានកម្មវិធីស្នូល ចំនួនបួន ដែលកម្មវិធី នីមួយៗត្រូវបានរៀបចំឡើងដើម្បីបំពេញតាមបំណង និងតម្រូវការររបស់សហគ្រិននិស្សិត៖
- UnipreneurCamp ជាកម្មវិធី Hackthon មានរយៈពេល ៣ ថ្ងៃត្រូវបានបង្កើតឡើងសម្រាប់និស្សិត ដែលត្រៀមខ្លួនក្លាយជាសហគ្រិនដំបូង។
- UnipreneurSprint ជាកម្មវិធី បណ្ដុះធុរកិច្ចបង្កើតថ្មី អនឡាញ រយៈពេល ៣ សប្តាហ៍ ដែលមានភាពបត់បែន និងងាយស្រួលសម្រាប់សហគ្រិនថ្មី ក្នុងការសិក្សាស្វែងយល់ពីវិធីសាស្ត្រ ក្នុងការស្វែងរកអតិថិជន (Customer Acquisition) និង ការកៀរគរទុន វិនិយោគ (Fundraising)។
- UniPreneur National Challenge គឺជាកម្មវិធីប្រកួតប្រជែងប្រកបដោយកិត្យានុភាព ដែលនាំយក ក្រុមសហគ្រិននិស្សិតដែលមានសក្តានុពលចេញពីកម្មវិធី UnipreneurSprint មកពីសាកលវិទ្យាល័យ ផ្សេងៗគ្នាទូទាំងប្រទេសមកប្រកួតប្រជែងគ្នា។
- UnipreneurEducator គឺជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ២ ថ្ងៃសម្រាប់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ក្នុងវិស័យអាជីវកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលផ្តល់នូវចំណេះដឹងសំខាន់ៗ អំពី សហគ្រិនភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេល បច្ចុប្បន្ន។
កម្មវិធី សហគ្រិនមហាវិទ្យាល័យ បានទទួលការគាំទ្រ ពីបណ្តាញជាតិ អន្តរជាតិយ៉ាងច្រើន។ សហគ្រិនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភដែលរួមមាន ធនាគារវីង (Gold Sponsor), ក្រុមហ៊ុន Smart Axiata (Platinum Sponsor), ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (Bronze Sponsor) និង ADB Frontier (Bronze Sponsor) ដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និងនវានុវត្តន៍ ឱ្យកាន់តែរីកចម្រើន។
ទំនាក់ទំនងព័ត៌មានបន្ថែមសហគ្រិនខែ្មរ៖
- លោក ពក បញ្ញាពេជ្រ
- លេខទូរស័ព្ទ ០៨៩ ៩៥ ៩៨ ៧១
- អ៊ីមែលៈke-ed@khmerenterprise.info