Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ហុងកុង​វាយបក​វិញ ក្រោយ​អង់គ្លេស​រិះគន់​លើ​ច្បាប់​សន្តិសុខ​ស្នើ​ដោយ​ប៉េកាំង​

​រដ្ឋាភិបាល​ហុងកុង នៅ​ថ្ងៃ​សុក្រ​នេះ​បានធ្វើការ​វាយបក​វិញ​ទៅលើ​របាយការណ៍​របស់​អង់គ្លេស ដែល​បាន​រិះគន់​វិធានការ​របស់​ក្រុង​ប៉េកាំង​ក្នុង​ការដាក់​ច្បាប់​សន្តិសុខ​ជាតិ​លើ​ហុងកុង​។ រដ្ឋាភិបាល​ហុងកុង​និយាយថា របាយការណ៍​អង់គ្លេស​មិន​ត្រឹមត្រូវ និង​មាន​ភាពលំអៀង​។​

​រដ្ឋ​ភិ​បាល​អង់គ្លេស​បាន​រិះគន់ថា សំណើរ​ច្បាប់​សន្តិសុខ​លើ​ហុងកុង​គឺជា​ការរំលោភ​យ៉ាងច្បាស់​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​ចិន និង​ការរំលោភ​លើ​រូបមន្ត​ប្រទេសមួយ ប្រព័ន្ធ​ពីរ​ដែល​បាន​គ្រប់គ្រង​ហុងកុង ចាប់តាំងពី​អង់គ្លេស​បានប្រគល់​ហុង​កុង​អោយ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧​។​

“​វា​នៅមាន​ពេលវេលា​សម្រាប់​ចិន​ក្នុងការ​ពិចារណា​ឡើងវិញ និង​ដកថយ​ពី​មាត់ជ្រោះ និង​គោរព​ស្វ័យភាព​របស់​ហុងកុង និង​គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​”​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស​លោក Dominic Raab ដែល​សរសេរ​នៅក្នុង​របាយការណ៍​ប្រចាំឆមាស​ទៅកាន់​រដ្ឋាភិបាល​។​

​លោក​និយាយ​បន្តថា ដំណោះស្រាយ​ចំពោះ​ភាពវឹកវរ​ដែល​បង្កឡើង​ដោយ​ការប្រមូលផ្តុំ​ហឹ​ង្សា​អស់​រយៈពេល​មួយឆ្នាំ នៅក្នុង​ទីក្រុង ត្រូវតែ​ចេញពី​រដ្ឋាភិបាល​ហុងកុង​ផ្ទាល់ មិនអាច​ចេញពី​ចិនដីគោក​ឡើយ​។​

​ប៉ុន្តែ រដ្ឋាភិបាល​ហុងកុង​បាន​និយាយថា ខ្លួន​ប្រឆាំង​ដាច់ខាត​ចំពោះ​របាយការណ៍​ដែល​មិន​ត្រឹមត្រូវ និង​មាន​ភាពលំអៀង​ទៅលើ​ច្បាប់​សន្តិសុខ និង​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​។​

​អាជ្ញាធរ​នៅ​ហុងកុង និង​ប៉េកាំង​បាន​អះអាងថា ច្បាប់​សន្តិសុខ​គឺ​នឹង​ផ្តោតទៅលើ​ក្រុម​បង្ករឿង​មួយ​ចំ​នួ​តូច ដែល​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ តែ​ច្បាប់​នោះ​វា​មិន​ប៉ះពាល់​ដល់​សេរីភាព និង​អ្នកវិនិយោគទុន​ឡើយ​។​

​រដ្ឋាភិបាល​ហុងកុង​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ដូច្នេះ​ថា “​រាល់​ការចោទប្រកាន់​ដែលថា ច្បាប់​នោះ​នឹង​បំផ្លាញ​សេរីភាព​របស់​ប្រជាជន​ហុងកុង និង​ប្រទេសមួយ ប្រព័ន្ធ​ពីរ​គ្រាន់តែ​ជាការ​បំភាន់​ប៉ុណ្ណោះ​”​។​

​សូមបញ្ជាក់ថា កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ស្នើច្បាប់​សន្តិសុខ​ជាតិ​ដើម្បី​គ្រប់គ្រង​ហុងកុង ប៉ុន្តែ​អ្នកជំនាញ​បាន​សម្តែង​ការព្រួយបារម្ភ​ថា ច្បាប់​នោះ​នឹង​រឹតត្បិត​សេរីភាព​ដល់ទី​ក្រុង​ហុងកុង​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ទៀតហើយ និង​បាន​ដក​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ទីក្រុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×