នេះជាខណៈពេលដ៏ស្លុតរន្ធត់មួយ នៅពេលដែលប៉ូលិសម្នាក់ នៅក្នុងខេត្ត Phisanulok ប្រទេសថៃ បានធ្លាក់ចេញតាមពិតានមកដីគួរឲ្យអាសូរ បន្ទាប់ពីគាត់បានឡើងលើដំបូលអគារមួយ ស្ថិតនៅទល់មុខប៉ុស្តិ៍ប៉ូលិស ដើម្បីផ្លាស់ប្តូរទង់ជាតិ និងរៀបចំទង់ជាតិដទៃទៀតឲ្យមានសណ្តាប់ធ្នាប់ល្អឡើងវិញ។
មន្ត្រីរងគ្រោះត្រូវបានដឹងថា បានបោះជំហានខុសចំកន្លែងចំហរមួយ និងបានធ្លាក់ពីដំបូលឆ្លងតាមពិតាន មកលើកម្រាលថ្មខាងក្រោមតែម្តង។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពកត់ត្រាពីហេតុការណ៍ដ៏រន្ធត់នេះ គេបានឃើញមន្ត្រីដទៃទៀតដែលស្ថិតនៅក្បែរ បានរត់មកជួយ និងបានទូរស័ព្ទតហៅក្រុមជួយសង្គ្រោះក្នុងតំបន់ ដែលបានមកកាន់កន្លែងកើតហេតុយ៉ាងលឿន ដើម្បីយកមន្ត្រីរងគ្រោះនោះទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Naresuan។
មន្ត្រីរងគ្រោះបានប្រាប់សារព័ត៌មាន Sanook ថា ហេតុការណ៍នេះបានកើតឡើងកាលពីខែមុនម្លេះ ប៉ុន្តែ វាទើបត្រូវបានចែករំលែកនៅលើអ៊ិនធឺណិតថ្មីៗនេះ។ គាត់បន្តថា ខណៈគាត់កំពុងរៀបចំទង់ជាតិឲ្យល្អឡើងវិញ បន្ទាប់ពីត្រូវភ្លៀងខ្យល់បោកបោកឲ្យរលំ នៅពេលនោះស្រាប់តែគាត់ធ្វើឲ្យមានកំហុសមួយជាន់ខុសចំប្រហោង បណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះតែម្តងទៅ។
ទោះយ៉ាងណា បច្ចុប្បន្ននេះ របួសរបស់គាត់បានប្រសើរច្រើនហើយ បន្ទាប់ពីគ្រូពេទ្យបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពីប៉ុន្មានថ្ងៃមុននេះ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Sanook)