រដ្ឋាភិបាលថៃនឹងធ្វើការដកបម្រាមគោចរទូទាំងប្រទេស នៅថ្ងៃចន្ទខាងមុខនេះ និងអនុញ្ញាតឲ្យមានការលក់ស្រានៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19។
អ្នកនាំពាក្យរបស់ស្ថានប័នេះឈ្មោះ Taweesin Visanuyothin បានថ្លែងកាលពីថ្ងៃសុក្រម្សិលមិញថា នឹងមានការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត ចាប់ពីថ្ងៃចន្ទ ខណៈដែលប្រទេសបន្តគ្មានករណីឆ្លងថ្មីក្នុងតំបន់។
កាលពីថ្ងៃសុក្រ ថៃរកឃើញការឆ្លងវីរុសកូរ៉ូណាចំនួន ៤ករណី បណ្តាលឲ្យចំនួនអ្នកឆ្លងសរុបកើតដល់ ៣.១២៩នាក់។ អ្នកឆ្លងថ្មីទាំង ៤នាក់នោះបានត្រឡប់មកពីប្រទេសឥណ្ឌាវិញ និងធ្វើតេស្តរកឃើញវីរុស នៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ក្នុងខេត្ត Chonburi។
សូមបញ្ជាក់ថា ប្រទេសថៃនៅសល់អ្នកជំងឺចំនួនតែ ៨៤នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពេលអ្នកជំងឺសរុប ២.៩៨៧នាក់បានជាសះស្បើយ។
ប្រទេសនេះមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៨៩នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA