បន្ទាប់ពីហេតុការណ៍ដ៏សាហាវឃោរឃៅ មកលើសត្វដំរីផើម១ក្បាល នៅក្នុង Kerala (ឥណ្ឌា) ដែលត្រូវបានសម្លាប់ដោយឲ្យស៊ីដួងផ្ទុកទៅដោយគ្រឿងផ្ទុះ នោះករណីស្រដៀងគ្នានេះបានបន្តកើតឡើងក្នុងសប្តាហ៍ដូចគ្នាដែរ មកលើមេគោផើមមួយ១ក្បាលទៀត នៅក្នុងស្រុក Bilaspur រដ្ឋ Himachal Pradesh ។
យោងតាមសារព័ត៌មាន Hindustan Times បានឲ្យដឹងថា មេគោផើម១ក្បាល ត្រូវបានគេដាក់ដុំម្សៅស្រូវសាលីឲ្យស៊ីដែលពោពេញផាវ និងបង្កឲ្យផ្ទុះនៅក្នុងមាត់ បណ្តាលឱ្យថ្គាមរបស់វាត្រូវបំផ្លាញទាំងស្រុងគួរឲ្យអាសូរបំផុត។ ក្រោយហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ម្ចាស់គោឈ្មោះ Gidayal Singh បានបង្ហោះវីដេអូបង្ហាញសត្វគោរបស់ខ្លួនរងរបួស នៅលើបណ្តាញសង្គម កាលពីថ្ងៃទី ៦ ខែមិថុនា។
ថ្វីបើប្រអប់មាត់របស់វារងរបួសបែបនេះក្តី ក៏ដោយមេគោនេះ នៅតែបានផ្តល់កំណើតកូនរបស់វាដែលមានសុខភាពល្អ ប៉ុន្តែ វានៅតែមិនអាចស៊ីចំណីបាន ព្រោះតែថ្គាមរបស់វារងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងត្រូវបានផ្តល់ជាតិគ្លុយកូស។
ចាប់តាំងពីពេលនោះមក លោក Gidayal Singh បានចោទប្រកាន់អ្នកជិតខាងរបស់គាត់ម្នាក់ ដែលមានឈ្មោះ Nand Lal Dhiman ពីបទធ្វើទារុណកម្មគោរបស់គាត់ ហើយជនជាប់ចោទត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ទី៦ មិថុនា ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)