កំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ស្នងការ សមត្ថកិច្ចជំនាញបង្ក្រាបបានអ្នកញៀនល្បែង ចំនួន១៤នាក់ ម៉ូតូចំនួន៣៥គ្រឿង នៅស្រុកកងមាស។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណី លួចលេងល្បែង ស៊ីសងខុសច្បាប់ ជល់មាន់ និងអាប៉ោងដាក់ប្រាក់ នៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចយើង បានបង្ក្រាបនិងធ្វើការឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់ និងដកហូតវត្ថុតាងរួមមាន៖
ទូរស័ទ្ទដៃចំនួន១០គ្រឿង ម៉ូតូចំនួន៣៥គ្រឿង ចានអាប៉ោងចំនួន១ កន្ត្រក់មាន់ចំនួន៤ ផ្តិលជ័រចំនួន១ ហាន់តោអាប៉ោង ចំនួន១ មាន់ចំនួន៤ក្បាល កន្ធន់ជ័រចំនួន១ ជញ្ជីងថ្លឹងមាន់ចំនួន១ ស្កុតរុំនិងខ្នាយដែកមួយចំនួន កញ្ចក់បាំងមាន់ចំនួន១ និងប្រាក់រៀលចំនួន៤.៥០០.០០០រៀល។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕
ដោយ៖កូឡាប