ស្ទឹងត្រែង ៖ សាច់ញាតិមានការភ្ញាក់ផ្អើលឆោឡោ បន្ទាប់ពីបាត់សមាជិកម្នាក់ ដោយមិនដឹងមូលហេតុ។ ក៏ប៉ុន្តែក្រោយមកទើបដឹងថា បានទៅនេសាទត្រីជួបឧបទ្ទវហេតុលិចទូកបាត់ខ្លួនមនុស្សម្នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
ក្រោយពីបាត់ខ្លួនសមាជិកគ្រួសារបងប្អូនសាច់ញាតិ បានស្វែងរកដែរ ប៉ុន្តែរកមិនឃើញ។ លុះមកដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ក៏ប្រទះឃើញសពអណ្ដែតទឹកទន្លេសេកុង នៅចំណុចកំពង់សាឡាងទីរួមខេត្តស្ទឹងត្រែង។
លោកសុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន ប្រាប់ឲ្យដឹងថា មានករណីលិចទូកស្លាប់មនុស្សម្នាក់ នៅចំណុចកោះស្លែងភូមិកំភុន ឃុំកំភុន ស្រុកសេសាន បន្ទាប់ពីទៅនេសាទត្រី។
ជនរងគ្រោះឈ្មោះ ប៊ុន ដន អាយុ៨១ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន បានមកដាក់ម៉ង នៅចំណុចកើតហេតុខាងលើ ហើយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានរកឃើញសពអណ្តែតទឹក នៅចំណុចកំពង់សាឡាង សង្កាត់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕
ដោយ៖សុខុម