“ប្រសិនប្អូនប្រុសខ្ញុំត្រូវការអ្វីផ្សេង សុំលោកគ្រូពេទ្យយកទាំងអស់” ក្មេងប្រុស Ahmed Rakan Al-Shammari និយាយប្រាប់ក្រុមគ្រូពេទ្យមុនពេលផ្តល់ខួរឆ្អឹង ។
នៅអាយុ១២ឆ្នាំ ប្រហែលពុំមានក្មេងណាប្រមើលដល់ពាក្យ “ផ្តល់គ្រឿងក្នុង” ។ ក៏ប៉ុន្តែ ដើម្បីសង្គ្រោះជីវិតប្អូនៗប្រុស Ahmed Rakan Al-Shammari-(អារ៉ាប៊ីសាអូឌីត) ក្លាហានធ្វើនូវរឿងដែលពុំមែននរណាក៏ហ៊ានធ្វើ និងទទួលបានការគោរពកោតសរសើរពីគ្រប់ទិសទី ។
Ahmed Rakan Al-Shammari មុនពេលវះកាត់ផ្សាំខួរឆ្អឹងឲ្យប្អូនប្រុស
តាមAl Arabiya ប្អូនប្រុសAhmed Rakan Al-Shammari គឺ Ziyad កើតជំងឺមហារីកឈាមពី៩ខែមុន ។ ការព្យាបាលនៅស្រុកកំណើតមិនជោគជ័យ សុខភាពអ្នកជំងឺកាន់តែអាក្រក់ទៅធ្វើឪពុករបស់គេ សម្រេចនាំប្រពន្ធកូនទៅអាមេរិក ។
នៅមន្ទីរពេទ្យ Mayo វេជ្ជបណ្ឌិតសន្និដ្ឋានថា មានតែវិធីផ្សាំខួរឆ្អឹងទើបសង្គ្រោះ Ziyad បាន ។ អ្នកផ្ទះ Al-Shammari ៤នាក់ត្រូវបានវិភាគជាបន្ទាន់ដើម្បីរកមើលនរណាអាចផ្តល់ខួរឆ្អឹងបាន ។ លទ្ធផលបង្ហាញថា Ahmed Rakan Al-Shammari ជាមនុស្សសមស្របបំផុត ។ ដោយខ្លាចផលវិបាកក្រោយការវះកាត់ ម្តាយរបស់Ahmed Rakan Al-Shammari បានជំទាស់ការវះកាត់ផ្សាំខួរឆ្អឹង តែAhmed Rakan Al-Shammari ដាច់ខាតសង្គ្រោះជីវិតប្អូន ។ ចុងក្រោយវាបានបញ្ចុះបញ្ចូលគ្រួសារឲ្យយល់ព្រម ។
ថ្ងៃរៀបចំវះកាត់ ក្រុមគ្រូពេទ្យនិយាយជាមួយ Ahmed Rakan Al-Shammari ថា វាមិនចាំបាច់ធ្វើរឿងនេះ ប្រសិនមិនចង់ ។ តបទៅវិញ Ahmed Rakan Al-Shammari គ្រាន់តែសើចញញឹមយ៉ាងស្រស់ ។ ចុងក្រោយវេជ្ជបណ្ឌិតសួរ Ahmed Rakan Al-Shammari មានសំណូមពរអ្វីទេ។ “មាន” វាឆ្លើយតបយ៉ាងក្លាហាន “ប្រសិនប្អូនខ្ញុំ ត្រូវការអ្វីផ្សេងពេលខ្ញុំនៅពុំទាន់ដឹងខ្លួន សុំលោកគ្រូពេទ្យយកទាំងអស់ទៅចុះ និងកុំសងមកខ្ញុំវិញ” ។
សម្តីរបស់ Ahmed Rakan Al-Shammariធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះទប់ទឹកភ្នែកមិនបាន។ ហើយគ្រូពេទ្យម្នាក់បានចាកចេញក្រៅមួយសន្ទុះដោយសារការរំជួលចិត្តពេក ។
សន្តានចិត្ត Ahmed Rakan Al-Shammari ចំពោះប្អូនប្រុស ត្រូវបានតបស្នងពេលការវះកាត់បញ្ចប់ដោយជោគជ័យ ។ អាស្រ័យដោយបានខួរឆ្អឹងថ្មី សុខភាព Ziyad បានល្អប្រសើរពី១ថ្ងៃទៅ១ថ្ងៃ ចំណែក Ahmed Rakan Al-Shammari បានមានសុខភាពល្អប្រសើរឡើងវិញ និងបានចាកចេញពីមន្ទីរពេទ្យ ។
Ahmed Rakan Al-Shammari ត្រូវបានប្រគល់មេដាយក្លាហានដោយសារសង្គ្រោះប្អូនប្រុស
អាស្រ័យដោយអំពើដ៏ថ្លៃថ្លារបស់ Ahmed Rakan Al-Shammari មន្ទីរពេទ្យ Mayo បានប្រគល់មេដាយក្លាហានដល់ក្មេងប្រុស ៕