ប្រទេសឥណ្ឌានឹងប្រើប្រាសទូរថភ្លើងចំនួន ៥០០ ដើម្បីបង្កើតគ្រែឲ្យបាន ៨.០០០បន្ថែមទៀតសម្រាប់អ្នកជំងឺកូរ៉ូណា នៅក្នុងទីក្រុងដេលី (Delhi) ក្រោយការឆ្លងកើតឡើងកាន់តែខ្លាំង។
រដ្ឋមន្ត្រីគេហដ្ឋាន លោក Amit Shah បានប្រកាសពីវិធានការថ្មីបន្ថែមទៀតសម្រាប់ទីក្រុងដេលី រួមមានការបង្កើតការធ្វើតេស្តឲ្យបានឆាប់រហ័សរកវីរុស COVID-19។ កន្លែងថែទាំងអ្នកជំងឺជាច្រើន ត្រូវការជាចាំបាច់។
អត្រាឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃនៅឥណ្ឌាបានកើនឡើងដល់ជិត ១២.០០០នាក់។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥណ្ឌាមានការឆ្លងរាតត្បាតខ្លាំង ដោយតួលេខឆ្លងសរុបកើនដល់ជាង ៣២២.០០០នាក់ ធ្វើឲ្យឥណ្ឌាក្លាយទៅប្រទេសទី ៤បន្ទាប់ពីអាមេរិច ប្រេស៊ីល និងរុស្សី ដែលមានអ្នកឆ្លងច្រើនបំផុត។
ចំនួនអ្នកស្លាប់សរុបនៅឥណ្ឌាមាន ៩.៥២០នាក់។
ឥណ្ឌាចាប់ផ្តើមយកទូររថភ្លើងធ្វើជាមណ្ឌល សម្រាប់ដាក់មនុស្សឲ្យនៅដោយឡែកក្នុងខែមេសា នៅពេលដេលបណ្តាញរថភ្លើងមួយភាគធំត្រូវបានផ្អាកដំណើរការ ដោយសារការរាតត្បាតវីរុស។
កាលពីខែមុន រដ្ឋាភិបាលបានប្រកាសគម្រោងបញ្ជប់ការបិទប្រទេស ដែលចាប់ផ្តើមនៅថ្ងៃទី ២៥ខែមីនា។
ចរាចរណ៍តាមដងផ្លូវ និងរថភ្លើងចាប់ផ្តើមកើនឡើងវិញ ខណៈដែលមានការរឹតត្បិតការបន្ធូរបន្ថយ ហើយហាង និងកន្លែងជាច្រើនបានចាប់ផ្តើមដំណើរវិញ។ ទីផ្សារចាប់ផ្តើមមានមនុស្សកកគុញ។
ការបិទប្រទេសបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចឥណ្ឌាយ៉ាងធ្ងន់ ដោយមនុស្សរាប់លាននាក់បាត់បង់ការងារធ្វើ ជាពិសេសកម្មករចំណាកស្រុក។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC