Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​សុខាភិបាល ក្រើនរំលឹក​ដល់​សាធារណជន ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ បង្ការ​ការ​ពិសា​ត្រី​ក្រព​តពុល

​ភ្នំពេញ ​៖​ ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ដោយសារ​បរិភោគ​ត្រី​ក្រ​ពត នៅ​ខេត្ត​កោះកុង ដែល​សរុប​ករណី​ពុល​ចំនួន​១០​នាក់ ក្នុង​នោះ​ស្លាប់​ម្នាក់ ហើយ​អ្នក​ដែល​បាន​ពុល​ចំនួន​៩​នាក់​ទៀត បានដាក់ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​កោះកុ​ង ចំនួន​៣​នាក់ និង​មន្ទីរពេទ្យ​បង្អែក​ស្រែអំបិល​ចំនួន​៦​នាក់​។​

​ករណី​ស្លាប់​ម្នាក់​ខាងលើនេះ គឺជា​បុរស​អ្នកនេសាទ មាន​សភាព​ពុល​ធ្ងន់ធ្ងរ​ជាងគេ មាន​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ដែល​បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃទី​២២ ខែ​មករា​ឆ្នាំ​២០១៨ បន្ទាប់ពី​ចាប់បាន​ត្រី​ក្រពត​ទម្ងន់​៦​គីឡូក្រាម រួច​យក​មក​បរិភោគ​ជាមួយ​អ្នកនេសាទ​៩​នាក់​ទៀត​។ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ជួយសង្គ្រោះ​ពី​សំណាក់​គ្រូពេទ្យ បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​៩​នាក់​នោះ មាន​សភាព​ធូរ​ស្រាយ​ច្រើន​ហើយ​។​

​កន្លងមក ក្រសួង​សុខាភិបាល​តែងតែ​ធ្វើការ​ណែនាំ និង​រំលឹក​ចំពោះ​វិធានការ​ការពារ​ករណី​ពុល​ចំណីអាហារ ដែល​មាន​ទាំង​ការពុល​បណ្តាលមកពី​ការបរិភោគ​ត្រី​ក្រពត​នេះ​បាន​ផង​ដែរ​។ ជាថ្មី​ម្តងទៀត លោក​បណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក ណែនាំ និង​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់ ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ការពុល​ចំណីអាហារ ជាពិសេស​ការរួម​គ្នា​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​អនាម័យ​ចំណីអាហារ​ល្អ​គ្រប់ៗ​គ្នា ចាប់តាំងពី​អ្នក​បរិភោគ​រហូតដល់​អ្នក​បម្រើ​អាហារ ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​ចំណីអាហារ ចាប់តាំងពី​ការរៀប​ចំណីអាហារ របៀប​ទុកដាក់ និង​ពេល​ចម្អិន​អាហារ​។ ដើម្បី​ចៀសវាង​បាន​បញ្ហា​សុខភាព ដែល​អាច​ធ្វើឲ្យ​បាត់បង់​ជីវិត​បាន និង​ដើម្បី​ចៀសផុត​ពី​ការពុល​ត្រី​ក្រពត​ដូច​ករណី​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំ​បរិភោគ​ត្រី​ក្រពត​ដែល​មាន​ជាតិពុល ដោយសារ​វា​មាន​ជាតិពុល​នៅក្នុង​ខ្លួន​វា​ដែល​អាច​បណ្តាលឲ្យ​ស្លាប់​បាន​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​នេះ​មិន​អាច​កម្ចាត់​ចោល​បានទេ ទោះបិជា​បាន​ចម្អិត ឬ​ដាក់​ឲ្យ​កក​ក៏ដោយ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ ក្នុងនោះ​មាន​៣​ប្រភេទ​មាន​ជាតិពុល​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ត្រី​ក្រពត​ដែល​មាន​ជាតិពុល​នោះ​រួមមាន Tetraodon cochinchinensis , Monotrete leiurus និង Tetraodon fluviatilis ដែល​មាន​ភិនភាគ​ដូច​គ្នុង​រូបភាព​ភ្ជាប់​ជូន​។ ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ដែល​មាន​សក្តានុពល​ខ្ពស់ និង​អាច​បណ្តាលឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​។ នៅពេល​យើង​បរិភោគ​ត្រី​ទាំងនេះ ជាតិពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​អាច​បណ្តាលឲ្យ​ស្លាប់។​

​ត្រី​ក្រពត​ដែល​មាន​សារធាតុ​ទាំង​៣​ប្រភេទ​ខាងលើ​នេះ មាន​ជាតិពុល​ខ្ពស់​បំផុត​នៅរ​ដូល​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើតឡើង​នៅក្នុង​ខែ​កុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង និង​ស្ពែម របស់​វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក​គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។ រោគសញ្ញា​ចាប់ផ្តើម​ក្នុង​រយៈពេល​២០​នាទី​ទៅ​២​ម៉ោង បន្ទាប់ពី​បាន​បរិភោគ​ត្រី​បែបនេះ ។ រោគសញ្ញា​រួមមាន រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ បន្ទាប់មក​មាន​អាការៈ ឈឺក្បាល វិលមុខ រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ មាន​ការពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រា​ក ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្តាលឲ្យ​ស្លាប់​តែ​ម្តង​។ នៅក្នុង​ករណី​ដែល​ពុល​ខ្លាំង ការស្លាប់​អាច​បណ្តាល​មក​ពី​ការ​ខ្វិន​ផ្លូវដង្ហើម​។ ក្រោយ​ពី​ពុល​ភ្លាមៗ ការធ្វើ​ឲ្យ​ក្អួត (​ប្រសិនបើ​អាច​ធ្វើទៅបាន​) អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​យើង​បាន​មួយចំណែក ហើយ​អ្នកពុល​នោះ​ត្រូវ​ប្រញាប់ប្រញាល់​មក​ស្វែងរក​ការជួយ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដោយ​ស្ថានភាព​អ្នកពុល​តម្រូវឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមដាន ពី​គ្រូពេទ្យ​ជា​ចាំបាច់​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​ប្រសិន​បើ​លោក​អ្នក មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ កើតមាន​ឡើង​បន្ទាប់ពី​បាន​បរិភោគ​ត្រី​ក្រ​ពត សូម​បងប្អូន​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​ជាបន្ទាន់ និង​សូម​ប្រាប់​គ្រូពេទ្យ​ពី​ការ​ដែល​អ្នក​បាន​បរិភោគ​ត្រី​ក្រពត​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×