កងទ័ពរបស់កូរ៉េខាងជើង បានធ្វើការព្រមានថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលទៅកាន់តំបន់គ្មានកងទ័ព (Demilitarized zone) ដែលខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរ។
ការគំរាមនេះជាការឆ្លើយតបទៅកាន់ក្រុមផ្តាច់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានបង្ហោះឧបករណ៍ឃោសនា ចូលក្នុងកូរ៉េខាងជើង។
កាលពីចុងសប្តាហ៍មុន Kim Yo-jong ដែលជាប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា នាងនឹងធ្វើការបញ្ជាទាហានឲ្យរៀបចំខ្លួន ដើម្បីអនុវត្តផែនការ។
ឥឡូវនេះ ទាហានបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បប្រែក្លាយជួរមុខទៅជាបន្ទាយ និងបង្កើនការប្រុងប្រយ័ត្ន។
ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ បានកើនឡើងម្តងម្កាល ជុំវិញការបង្ហោះខិត្តប័ណ្ណដែលមានភ្ជាប់សារ ចូលក្នុងទឹកដីកូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានធ្វើការឆ្លើយតបចំពោះការគំរាមនោះ ដោយនិយាយថា ពួកគេកំពុងធ្វើកិច្ចការជាមួយនឹងអាមេរិច ដើម្បីពិនិត្យមើលឲ្យបានល្អិតល្អន់ លើការចល័តយោធា នៅកូរ៉េខាងជើង។
តើកូរ៉េខាងជើងបាននិយាយអ្វីខ្លះ?
កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវបានខ័ណ្ឌចែកគ្នាដោយតំបន់គ្មានកងទ័ព នៅតាមបណ្តោយព្រំដែន ចាប់តាំងពីសង្គ្រាមកូរ៉េ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។
កាលពីថ្ងៃអង្គារ យោធាកូរ៉េខាងជើងបាននិយាយថា ពួកគេកំពុងសិក្សាពីផែនការសកម្មភាព សម្រាប់ឲ្យទាហានបំលាស់ទីចូលក្នុងតំបន់គ្មានកងទ័ព។
ការប្រកាសរបស់កូរ៉េខាងជើង បានកើតឡើងក្រោយពេល ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងបានគំរាមធ្វើសកម្មភាពយោធាប្រឆាំង នឹងកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍។
នាងនិយាយថា “ខ្ញុំមានអារម្មណ៍ថា វាដល់ពេលវេលា ដែលត្រូវផ្តាច់ទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង”។
នាងប្តេជ្ញាចាត់វិធានការ និងបញ្ជាយោធា និងបានបញ្ចប់សេចក្តីប្រកាស របស់នាងជាមួយនឹងឃ្លា “សំរាមត្រូវតែបោះចោលក្នុងធុង”។
កូរ៉េខាងត្បូង បានយកចិត្តទុកដាក់ខ្លាំងចំពោះការគំរាមកំហែង របស់កូរ៉េខាងជើង។
កូរ៉េខាងត្បូងបានបង្កើតការស៊ើបការណ៍ នៅតាមបណ្តោយតំបន់គ្មានកងទ័ព ហើយប្រធានាធិបតី ម៉ូន ជេអ៊ីន បានអំពាវនាវឲ្យមានការអត់ធ្មត់ និងជំរុញឲ្យទីក្រុងព្យុងយ៉ាងចៀសវាង បង្កើនភាពតានតឹង។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញ ទំនាក់ទំនងទាំងអស់ជាមួយនឹងកូរ៉េខាងត្បូង រួមមានបណ្តាញទំនាក់ទំនង រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
កូរ៉េខាងជើងបាននិយាយថា ខ្លួនបានខឹងដោយសារក្រុមផ្តាច់ខ្លួន នៅក្នុងកូរ៉េខាងត្បូង បានបង្ហោះខិត្តប័ណ្ណចូលក្នុងព្រំដែន។
ក្រុមដែលផ្តាច់ខ្លួនចេញពីកូរ៉េខាងជើង ជារឿយៗបង្ហោះប៉េងប៉ោង ចូលព្រំដែន ដោយមានភ្ជាប់ជាមួយនឹងខិត្តប័ណ្ណ ព្រមទាំងវត្ថុផ្សេងៗដូចជា អាហារ ក្រដាសប្រាក់ ១ដុល្លារ និង Flash USB ដែលក្នុងនោះមានភាពយន្តកូរ៉េខាងត្បូង និងព័ត៌មានជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC