ស្ទឹងត្រែង៖ បុរសម្នាក់មានគំនិតកែច្នៃម៉ូតូមួយគ្រឿង ទៅជារថយន្តដែលមានកង់ ៤ អាចដឹកមនុស្សបានរហូតដល់ ៥ នាក់។
លោកឌិន មណ្ឌល អតីតមេប៉ុស្តិ៍រដ្ឋបាលឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបរាប់ប្រាប់ឱ្យដឹងថា ដោយមើលឃើញការជិះម៉ូតូងាយនឹងគ្រោះថ្នាក់ ហើយបានគ្នាតិចទើបលោកមានគំនិតច្នៃប្រឌិត ដោយស្នាដៃខ្លួនឯង ទិញម៉ូតូមួយគ្រឿង ទៅជារថយន្តតូចច្រឡឹង។
លោកមណ្ឌល រៀបរាប់ថា គាត់បានទិញម៉ូតូមួយគ្រឿងតម្លៃប្រហែល 800 ដុល្លារ ជាប្រភេទម៉ូតូចាស់ រួចដោះយកម៉ាស៊ីនម៉ូតូ ម៉ាកយ៉ាមាហា ទៅកែច្នៃមកជារថយន្តធុនតូចមួយគ្រឿង ដ៏ស្រស់ស្អាត។
ចំណុចពិសេសនៃម៉ូតូ គឺគាត់បានដោះយកម៉ាស៊ីន និងកន្លែងសំខាន់ៗមួយចំនួន ទៅបំពាក់តខ្សែភ្លើង។ រួចទិញបន្ទះដែកថែបកែច្នៃទៅជារូបរាងកូនរថយន្ត។ បន្ថែមពីនេះ យកគ្រឿងរថយន្តចាស់ៗ និងគ្រឿងម៉ូតូមួយចំនួនមកកែច្នៃ។ ចំពោះហ្វ្រាំងភ្ជាប់ដូចហ្វ្រាំងរថយន្តធម្មតា អាចយកជើងជាន់បាន។ នៅផ្នែកខាងក្រោយ គាត់យកធុងបាសដាក់អាចច្រៀង បានដោយភ្ជាប់នឹងទូរស័ព្ទដៃ។ ហើយមនុស្សក៏អាចអង្គុយលើធុងបាសនោះក៏បានដែរ។ ថែមទាំងមានកែច្នៃដំបូល ដើម្បីកុំឱ្យត្រូវកម្ដៅថ្ងៃនិងទឹកភ្លៀង។
បុរសវ័យ៥២ឆ្នាំបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ថា គាត់មានគំនិតច្នៃប្រឌិត ដោយសារតែគាត់និងប្រពន្ធ មានវ័យចំណាស់ទៅហើយ ហើយជិះម៉ូតូមានគ្នាតិច។ ពេលគាត់ទិញម៉ូតូច្នៃទៅជារថយន្ត អាចជិះបានមនុស្សច្រើន និងងាយស្រួលជិះទៅលេងបងប្អូន ឬមិត្តភក្តិនៅក្នុងស្រុកក្នុងខេត្តបាន។
យ៉ាងណាមិញ គាត់គ្មានលទ្ធភាពទិញរថយន្ត ដែលមានតម្លៃជិះដូចគេបាន គឺមានតែកែច្នៃម៉ូតូទៅជាកូនរថយន្តតូចមួយ។
ម្យ៉ាងទៀត គាត់ចង់បញ្ចេញសមត្ថភាពគំនិតច្នៃប្រឌិត ដោយខ្លួនឯងផងដែរ។ គំនិតដែលគាត់ផ្តើមនឹកឃើញកែច្នៃនេះ ក៏ដោយសារតែគាត់ចេះមើលរបៀបច្នៃតាម youtube។ គ្រាន់តែទិញម៉ូតូរួមទាំងសម្ភារ ដែលមានតម្លៃត្រឹមតែជាង ១ ពាន់ដុល្លារ អាចច្នៃទៅជារថយន្តបាន។ ឃើញបែបនេះ ភរិយាបានកោតសរសើរ ពីគំនិតកែច្នៃរបស់ប្តីគាត់។ ហើយក៏មិនបានហាមឃាត់ពីគំនិតរបស់ប្ដីឡើយ៕
ដោយ៖សុខុម