ប្រទេសជប៉ុនបានធ្វើការដកបម្រាមការធ្វើដំណើរក្នុងស្រុក ចេញទាំងអស់នៅថ្ងៃសុក្រនេះ ហើយនាយករដ្ឋមន្ត្រី Shinzo Abe បានស្នើឲ្យពលរដ្ឋធ្វើដំណើរកម្សាន្តឡើងវិញ ឬក៏ចូលមើលការប្រគុំតន្ត្រី និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជួយឲ្យសេដ្ឋកិច្ចងើបឡើងវិញ ក្រោយមានវិបត្តិធ្ងន់ធ្ងរដោយសារ COVID-19។
ជប៉ុនបានចាប់ផ្តើមធ្វើការបើកដំណើរវិញទាំងអស់ក្នុងខែឧសភា ខណៈដែលការឆ្លងវីរុសកូរ៉ូណាធ្លាក់ចុះខ្លាំង។
“ខ្ញុំសូមស្នើឲ្យប្រជាជនទាំងអស់ ខណៈដែលកំពុងអនុវត្តគម្លាតសង្គម ធ្វើដំណើរកម្សាន្តឡើងវិញ។ ពួកយើងចង់អោយអ្នកទាំងអស់គ្នាចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។” នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ទោះយ៉ាងណាក៏ដោយ ការងើបឡើងវិញនៃសេដ្ឋកិច្ចជប៉ុន អាចនឹងមានការយឺតយ៉ាវ ដោយសារតែប្រជាជននៅតែមិនចង់ចូលកន្លែងណាដែលមានមនុស្សច្រើន ហើយការធ្វើដំណើរភាគច្រើនមកកាន់ជប៉ុនត្រូវបានរឹតត្បតិ។ មានជនបរទេសត្រឹមតែ ១.៧០០នាក់ប៉ុណ្ណោះ បានធ្វើដំណើរមកជប៉ុនកាលពីខែឧសភា។ នេះបើតាមអង្គការទេសចរណ៍ជាតិជប៉ុន។
ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ឈ្មោះ ANA និង Japan Airlines បានឲ្យដឹងថាពួកគេបានចាប់ផ្តើមដំណើរការការហោះហើរក្នុងស្រុកវិញ ខណៈដែលតម្រូវការមានការកើនឡើងខ្លាំង ប៉ុន្តែក្រុមហ៊ុនទាំងពីរសុទ្ធតែបាននិយាយថា ជើងហោះហើរសម្រាប់ខែកក្កដានៅតែមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដែលខុសពីអ្វីដែលពួកគេគ្រោងទុក មុនពេលមានការផ្ទុះវីរុស។
សូមបញ្ជាក់ថា សូមបញ្ជាក់ថា ជប៉ុនគឺជាប្រទេសទី ២បន្ទាប់ពីចិន ដែលមានការផ្ទុះវីរុសកូរ៉ូណានេះខ្លាំង ប៉ុន្តែប្រទេសដែលមានប្រជាជនជាង ១២៦លាននាក់នេះ បានធ្វើការទប់ស្កាត់ការឆ្លងរាតដាលបានយ៉ាងល្អ រហូតដល់ការឆ្លងធ្លាក់មកត្រឹមកម្រិតទាបបំផុត។
បច្ចុប្បន្ន ជប៉ុនមានអ្នកឆ្លងវីរុសសរុបទាំងអស់ចំនួន ១៧.៦៦៨នាក់ និងស្លាប់ចំនួន ៩២៥នាក់។ អ្នកជាសះស្បើយមាន ១៥.៩៣០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters