ចិនបានផ្អាកការនាំចូលបសុបក្សីពីក្រុមហ៊ុនដ៏ធំរបស់អាមេរិច និងបញ្ជាឲ្យក្រុងប៉េកាំងបិទរោងចក្រ Pepsi កាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរកំពុងចាត់វិធានការទៅលើការផលិត និងចែកចាយអាហារ ចំពេលដែលវីរុសកូរ៉ូណាកំពុងផ្ទុះជាថ្មីនៅក្នុងក្រុងប៉េកាំង។
មន្ត្រីសុខាភិបាលបានប្រកាសថា រកឃើញវីរុសចំនួន ២២ករណីបន្ថែមក្នុងក្រុងប៉េកាំង ដែលក្នុងក្រុងនេះ មនុស្សជាង ២លាននាក់ត្រូវបានធ្វើតេស្ត ដើម្បីគ្រប់គ្រងការផ្ទុះវីរុសជាលើកទី ២ទាក់ទងទៅនឹងទីផ្សារលក់ដុំ នៅក្នុងក្រុងប៉េកាំង។
ការនាំចូលសាច់មាន់កកពីក្រុមហ៊ុនអាមេរិចឈ្មោះ Tyson Foods ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលមានការរកឃើញពីការផ្ទុះវីរុស នៅក្នុងរោងចក្រមួយក្នុងចំណោមរោងចក្រជាច្រើននៅអាមេរិច។ នេះបើតាមការបញ្ជាក់របស់អគ្គរដ្ឋបាលគយចិន។
ផលិតផលមកពីក្រុមហ៊ុន Tyson Foods ដែលបានមកដល់ចិនហើយ ក៏នឹងត្រូវធ្វើការរឹបអូសផងដែរ។
ចំណែក្រុមហ៊ុនអាហារ និងភេសជ្ជៈដ៏ធំរបស់អាមេរិច PepiCo ក៏ត្រូវបានបញ្ជាឲ្យធ្វើការបិទរោងចក្ររបស់ខ្លួនមួយ នៅក្នុងទីក្រុងប៉េកាំងផងដែរ ក្រោយពេលមានបុគ្គលិកជាច្រើន ត្រូវបានរកឃើញមានផ្ទុកវីរុស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន អ្នកស្រី Fan Zhimin។
អ្នកស្រីបន្ថែមថា មនុស្សចំនួន ៨៧នាក់ដែលមានទំនាក់ទំនងគ្នា ត្រូវបានតាមដាន និងដាក់ឲ្យនៅដាច់ដោយឡែក។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សជាង ២២០នាក់ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19 នៅក្នុងក្រុងប៉េកាំង។
ទីផ្សារដ៏ធំ ដែលផ្តល់ការផ្គត់ផ្គងចំនួន ៨០ភាគរយទៅដល់ក្រុងប៉េកាំង ត្រូវបានបិទចោល ហើយមន្ត្រីអាមេរិចក៏បានណែនាំឲ្យពលរដ្ឋទាំងអស់ បំផ្លាញចោលអាហារកករបស់ពួកគេទាំងអស់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP