ប្រទេសចិនបានរកឃើញអ្នកវិជ្ជមាន COVID-19 ចំនួន ២២នាក់បន្ថែមគិតត្រឹមថ្ងៃចន្ទ ដែលក្នុងនោះមានចំនួន ១៣នាក់នៅក្នុងក្រុងប៉េកាំង។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលចិននៅថ្ងៃអង្គារ។
ចំនួនអ្នកឆ្លងថ្មីមានការកើនឡើង បើធៀបទៅនឹងថ្ងៃអាទិត្យ ដែលមានអ្នកឆ្លងថ្មីត្រឹម ១៨នាក់ រួមមាន ៩នាក់នៅក្នុងក្រុងប៉េកាំង។
អាជ្ញាធរចិនកំពុងតែចាប់ផ្តើមរឹតបន្តឹង ការដើរហើររបស់ប្រជាជាននៅក្នុងទីក្រុងប៉េកាំង និងចាត់វិធានការផ្សេងៗ ដើម្បីការពារកុំឲ្យមានការផ្ទុះជាលើកទី ២។
ចិនបានផ្អាកការនាំចូលសត្វមាន់កកពីក្រុមហ៊ុនដ៏ធំរបស់អាមេរិច និងបញ្ជាឲ្យក្រុងប៉េកាំងបិទរោងចក្រ Pepsi កាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរកំពុងចាត់វិធានការទៅលើការផលិត និងចែកចាយអាហារ។
ការផ្ទុះវីរុសត្រូវបានគេជឿជាក់ថា កើតចេញពីផ្សារលក់ម្ហូបដ៏ធំឈ្មោះ Xinfandi ដែលផ្សារនេះផ្គត់ផ្គងសាច់ និងបន្លែចំនួន ៨០ភាគរយទៅដល់ទីប៉េកាំង។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះដំបូងចេញពីទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅកាន់ទូទាំងពិភពលោក។ បច្ចុប្បន្ន តួលេខចុងក្រោយ មានអ្នកឆ្លងវីរុសមានចំនួនជាង ៩,១៨លាននាក់ និងសម្លាប់មនុស្សជាង ៤៧៤.០០០នាក់ទូទាំងពិភពលោក។ អ្នកជាសះស្បើយមានជាង ៤,៩៣លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters