ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះ រួមជាមួយប្រជាពលរដ្ឋ ឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បន្ទាប់ពីជនសង្ស័យរូបនោះ បម្រុងឆ្កឹះសោផ្ទះលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទល់មុខនឹងផ្ទះសំណាក់ ស្ទឹងលាភ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ អិន ឧត្តម ហៅចិន អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សមត្ថកិច្ច ដកហូត សោតាន់១ដុំ និងកង់កញ្ចាស់មួយ។
តាមសម្ដី បុរសជាម្ចាស់ផ្ទះ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ គឺរូបលោក ត្រឡប់មកពីហូបអីមួយមិត្តភក្ដិ លុះមកដល់ជិតផ្ទះ ក៏ឈប់រថយន្ដ ហើយសម្លឹងឃើញ បុរសជាជនសង្ស័យ កំពុងតែជិះកង់ ឈប់នៅមុខផ្ទះ ដោយសកម្មភាព អើតឡឺមងាកឆ្វេងស្ដាំ ហើយដោយឃើញសភាពមិនស្រួល រូបគាត់បានតេទូរស័ព្ទ ទាក់ទងទៅសមត្ថកិច្ចឲ្យមកដល់ផ្ទះ ហើយក៏បានឃាត់ខ្លួន បុរសខាងលើ សួរនាំឆែកឆេរស្រាប់តែរកឃើញនូវឧបករណ៍សម្រាប់ ឆ្កឹះសោមួយដុំនៅក្នុងខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១តែម្តង ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សាម៉េត និងភក្ត្រា