Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​រកឃើញ​អ្នក​វិជ្ជមាន COVID-19​ថ្មី ៤៦​នាក់ ខណៈ​ប្រទេស​នេះ​កំពុង​ទប់ស្កាត់​ការផ្ទុះ​លើក​ទី ២

​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន COVID-19 ចំនួន ៤៦​នាក់​បន្ថែម​ក្រោយពេល​អាជ្ញាធរ​សុខាភិបាល​ប្រកាសថា ប្រទេស​កំពុងតែ​ប្រយុទ្ធ​នឹង​រលក​នៃ​ការឆ្លង​លើក​ទី ២​ដែល​បានចាប់ផ្តើម​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​។​

​កូរ៉េខាងត្បូង​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ខ្លាំង​បំផុត​ទី ២​បន្ទាប់ពី​ប្រទេស​ចិន ប៉ុន្តែ​ប្រទេស​នេះ​បាន​ចាត់វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ការ​រាតត្បាត ដោយសារតែ​កម្មវិធី​តា​ម​ដាន ធ្វើតេស្ត និង​ព្យាបាល​។​

​ការអនុវត្ត​គម្លាត​សង្គម (Social distance) ត្រូវបាន​បន្ធូរបន្ថយ ក្រោយពេល​មាន​វិស្សមកាល​សាធារណៈ​កាលពីដើម​ខែឧសភា ហើយ​ចាប់តាំងពី​ពេល​នោះមក​កូរ៉េខាងត្បូង​បាន​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​។​

​ប៉ុន្តែ​កាលពី​ខែ​មុន កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​វិជ្ជមាន​ចន្លោះ ៣៥ ទៅ ៥០​នាក់​ក្នុង​មួយថ្ងៃ ដែល​ភាគច្រើន​កើត​នៅ​តំបន់​ប្រជុំជន​ទីក្រុង​សេ​អ៊ូ​ល​។​

“​ពួកយើង​ជឿជាក់ថា រលក​នៃ​ការឆ្លង​ជា​លើក​ទី​ពីរ​បានចាប់ផ្តើម​តាំងពី​វិស្សមកាល​ក្នុង​ខែឧសភា​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Jung Eun-kyeong ប្រធាន​មជ្ឍមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​។​

​ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ៤៦​នាក់ មាន ៣០​នាក់​ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​បរទេស​។​

​អភិបាលក្រុង​សេ​អ៊ូ​ល លោក Park Won-soon បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រុង​សេ​អ៊ូ​ល​នឹង​វិលត្រឡប់​ទៅរក​វិធានការ​គម្លាត​សង្គម​វិញ ប្រសិនជា​ចំនួន​អ្នក​ឆ្លង​មានការ​លើស ៣០​ករណី​ក្នុង​រយៈពេល ៣​ថ្ងៃ​ខាងមុខ​។ នៅ​ថ្ងៃ​អង្គារ​នេះ មាន​អ្នក​វិជ្ជមាន COVID-19 ថ្មី​ចំនួន ៦​នាក់​។​

​លោក​បញ្ជាក់ទៀតថា ប្រសិនជា​រដ្ឋធានី​សេ​អ៊ុ​ល​បរាជ័យ​ក្នុងការ​ទប់ស្កាត់​បញ្ហា​ឆ្លង​បច្ចុប្បន្ន ចំនួន​ឆ្លង​ប្រចាំថ្ងៃ​អាច​នឹង​កើន​ដល់​ប្រែល ៨០០​ករណី​ក្នុង​រយៈពេល​មួយខែ​ពេញ​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មាន​ជំនឿ​ចិត្ត​ថា វីរុស​នៅតែ​អាច​គ្រប់គ្រង​បាន​។​

​រហូតមកដល់​ពេលនេះ កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​សរុប​ចំនួន ១២.៤៨៤​នាក់ និង​ស្លាប់ ២៨១​នាក់​។ អ្នកជា​សះស្បើយ​មាន ១០.៩០៨​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×