Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន សម្រេច​ផ្អាក​ផែនការ​យោធា ប្រឆាំង​កូរ៉េខាងត្បូង​

​ប្រទេស​កូរ៉េខាងជើង បាន​ផ្អាក​ផែន​ការធ្វើសកម្មភាព យោធា​ប្រឆាំងនឹង​កូរ៉េខាងត្បូង​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ របស់​របប​កុ​ម្មុយ​និ​ស្ត​នេះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ភាព​តានតឹង​កើនឡើង​ខ្លាំង រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ខណៈដែល​ក្រុម​ផ្តាច់ខ្លួន​នៅ​កូរ៉េខាងត្បូង គ្រោង​បង្ហោះ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ តាម​ព្រំដែន​ចូល​ប្រទេស​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​បាន​គំរាម​បញ្ជូន​កងទ័ព ចូលទៅក្នុង​តំបន់​គ្មាន​កងទ័ព (DMZ) នៅ​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​។​

​ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​ចុះផ្សាយ​ថា មានការ​សម្រេចចិត្ត​ផ្អាក​សកម្មភាព​យោធា​។​

​កាលពី​សប្តាហ៍​មុន ប្អូនស្រី​បង្កើត​របស់លោក គីម ជុង​អ៊ុន​ឈ្មោះ Kim Yo-jong បានដាក់​បញ្ជា​ទៅកាន់​កងទ័ព​ឲ្យ​ត្រៀម​ខ្លូន អនុវត្តតាម​ផែនការ ដោយសារតែ​មានការ​ខឹង​នឹង​ប្រទេស​កូរ៉េខាងត្បូង ដែល​មិនអាច​ឈប់​ស្កាត់​សកម្មជន​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េខាងជើង​នៅ​ព្រំដែន​បាន​។​

​តើ​អ្វីដែល​ធ្វើ​ឲ្យ​ស្ថានភាព​តានតឹង​ខ្លាំង​?

​ចាប់តាំងពី​ឆ្នាំ ២០១៨​មក ប្រទេស​កូរ៉េ​ទាំងពីរ​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រសើរឡើង និង​រក្សា​ការចរចា ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ បាន​ល្អកកករ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​មានការ​បង្ហោះ​ខិត្តប័ណ្ណ​ចូល​កូរ៉េខាងជើង​។​

​ជាធម្មតា​ពួកគេ​បង្ហោះ​បា​ឡុង​ដោយមាន​ភ្ជាប់​ខិត្តប័ណ្ណ ភ្ជាប់​USB ឬក៏ DVDs ដែលមាន​ការរិះគន់រ​បប​ព្យុងយ៉ាង ព្រមទាំង​មាន​ព័ត៌មាន​ស្តីពី​កូរ៉េខាងត្បូង ឬក៏​រឿង​របស់​កូរ៉េខាងត្បូង​។​

​ការ​បង្ហោះ​ខិត្តប័ណ្ណ​នោះ​មាន​គោលបំណង​បំបែក ការគ្រប់គ្រង​លើ​ព័ត៌មាន​ផ្ទៃក្នុង របស់​កូរ៉េខាងជើង ដោយ​រំពឹងថា ប្រជាជន​កូរ៉េខាងជើង​ប្រហែល នឹងធ្វើ​ការទម្លាក់​រប​ប​ព្យុងយ៉ាង​នៅ​ចុងបញ្ចប់​។​

​ជុំវិញ​ការ​បង្ហោះ​ខិត្តប័ណ្ណ​នោះ កូរ៉េខាងជើង​ថា វា​រំលោភ​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ដែល​កិច្ចព្រមព្រៀង​ធ្វើឡើង ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដាក់គ្នា​។​

​សូមបញ្ជាក់ថា កាលពី​ដើមខែ​នេះ កូរ៉េខាងជើង​ក៏បាន​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង ជាមួយនឹង​កូរ៉េខាងជើង​ផងដែរ រួមមាន​បណ្តាញ​ទំនាក់ទំនង រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​បំផ្ទុះ​ចោល​នូវ​ការិយាល័យ​ទំនាក់ទំនង នៅ​ខាង​ព្រំដែន​របស់ខ្លួន​។ ការិយាល័យ​នោះ​ត្រូវបាន​កសាងឡើង​កាលពី ២​ឆ្នាំមុន ដើម្បី​ធានា​ឲ្យ​មានការ​សន្ទនា​ទៀងទាត់​រវាង​ភាគី​ទាំងពីរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×