Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតបំផ្លាញ​ឧបករណ៍​នេសាទ ដែល​បាន​ដកហូត ពី​ជនល្មើស​

ស្ទឹងត្រែង ៖ មន្ត្រីជលផល​ខេត្ត​មន្ត្រីនគរបាល​សហគម​ន៍ អាជ្ញាធរ​ឃុំ ប្រជាពលរដ្ឋ ចូលរួម​ដុត​ឧបករណ៍​បំផ្លាញ​ធនធាន​ជលផល នៅ​ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ព្រឹក​ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2020​។


លោក​វង្ស សាវឿន នាយរង​ខណ្ឌ​ជលផល​ខេត្ត បាន​លើកឡើងថា ឧបករណ៍​ឆក់​ប្រភេទ​ក្តៅ និង​ត្រជាក់ គឺជា​ប្រភព​បំផ្លាញ​ធនធាន​ត្រី​ដ៏​សំខាន់ នៅក្នុង​ទន្លេ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។ ក្រៅពីនោះ ក៏មាន​កាំភ្លើង​ដែលជា​ឧបករណ៍ សម្រាប់​បាញ់​ត្រី​ក្នុង​ទឹក ក៏ត្រូវ​បាន​រឹបអូស​មួយចំនួន​។ មាន​ការដុត​បំផ្លាញចោល នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​។​
លោក​នាយរង​ខណ្ឌ​ជលផល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ចូលរួម​អភិរក្ស​ធនធាន​ជលផល ដើម្បី​ការពារ​ទាំងអស់គ្នា ជាពិសេស​កុំ​ប្រព្រឹត្ត​បទល្មើស ដែល​ត្រូវ​ច្បាប់​ហាមឃាត់ និង​មានទោស​ទន់ ត្រូវគេ​ចាប់​ដាក់ពន្ធនាគារ បែកបាក់​ក្រុមគ្រួសារ​។​

នៅក្នុង​ការជួប​ជុំនោះ ភាគច្រើន​ជា​ស្ត្រី ដែលជា​អ្នក​ចូលរួមចំណែក​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត នៅក្នុង​សហគមន៍ បាន​ចូលរួម​បញ្ចេញ​មតិយោបល់​យល់ដឹង​ពី​ច្បាប់ ហាមឃាត់​នៅ​រដូវ​បិទ​នេសាទ និង​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​។​

ស្ត្រី​វ័យ​ចំណាស់ ដែល​បាន​ចូលរួមបាន​លើកឡើងថា ឧបករណ៍​ដែល​មន្ត្រី​ជំនាញ​ដាក់​លើ​តុ​គាត់ ពុំដែល​ស្គាល់​ឡើយ​។ ឥឡូវនេះ គាត់​បានដឹងថា ឧបករណ៍​នោះ គឺជា​ប្រភព​បំផ្លាញ​ធនធាន​ជលផល នៅ​មូលដ្ឋាន​របស់គាត់​។ ក្រោយពី​បាន​ចូលរួម​អ្នកស្រី នឹង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន មិនត្រូវ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដែល​ជលផល​ហាមឃាត់ ហើយ​សន្យាថា​នឹង​សហការ​ជាមួយ​សហគមន៍ បង្ហាញមុខ​ជនល្មើស​អ្នកប្រព្រឹត្ត​មុខសញ្ញា ដល់​សមត្ថកិច្ច​និង​មន្ត្រីជលផល​។​

តាម​ការលើកឡើង របស់​មន្ត្រីជលផល បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​យល់ដឹង កាន់តែច្រើន ហើយ​បាន​ចូលរួម​កាត់បន្ថយ​បទល្មើស​នេសាទ​ដោយ​ខ្លួនឯង ហើយ​ជនល្មើស ដែល​មិន​ខ្លាច​សហគមន៍ ខ្លាច​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច ត្រូវបាន​ឃាត់ខ្លួន​ដកហូត​ភស្តុតាង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

​សូមបញ្ជាក់ថា នៅ​ខេត្តស្ទឹងត្រែង​ឆ្នាំ 2020​នេះ ការបង្កើត​សមាគម​បាន​កើនឡើង​រហូតដល់ 56 សហគមន៍​នេសាទ​។ សម្រាប់​ខេត្តស្ទឹងត្រែង រដូវ​បិទ​នេសាទ​គិត​ចាប់ពី​ថ្ងៃទី 1 ខែឧសភា ដល់​ថ្ងៃទី 30 ខែកញ្ញា​៕

​ដោយ ៖ សុខុម​


×