ថ្មីៗនេះ មនុស្សជាច្រើនបានចាប់អារម្មណ៍ និងនាំគ្នាកោតសរសើរជាខ្លាំង ចំពោះគំនិតចេះមានការច្នៃប្រឌិតខ្ពស់ របស់សិប្បកម្មមួយដែលបានកែច្នៃដើមត្នោត ឲ្យទៅជារបស់ប្រើប្រាស់ និងវត្ថុលម្អផ្សេងៗ ពិសេសគឺគ្រឿងសង្ហារឹមផ្ទះត្នោតដ៏ប្រណីត។
តែយ៉ាងណា ទន្ទឹមនឹងមានការកោតសរសើរនេះផងដែរ ក៏មានមនុស្សមួយចំនួនដែលមានការអភិរក្សសម្បត្តិធម្មជាតិដ៏មានប្រយោជន៍មួយនេះ បានចេញមករិះគន់លើកឡើង ក្នុងន័យចោទប្រកាន់ថា សិប្បកម្មមួយនេះអាចបំផុសឲ្យមានការកាប់បំផ្លាញដើមត្នោតហិនហោចជាក់ជាមិនខាន ដែលបង្កឲ្យមានពាក្យសម្តីឈ្លោះប្រកែកគ្នា រហូតម្ចាស់សិប្បកម្មចេញមុខឆ្លើយតប និងធ្វើការបកស្រាយចំពោះរឿងនេះ។
បើតាមម្ចាស់សិប្បកម្មបានពន្យល់ឲ្យដឹងថា តាមពិតទៅ ដើមត្នោតដែលគាត់កំពុងកែច្នៃ គឺគាត់ទិញយកមកពីតាមកន្លែងដីឡូត៍ ដែលគេកាប់ចោលរាប់រយដើម និងតាមស្រុកភូមិដែលគេកាប់ដើមចាស់ចោល ព្រោះគិតលែងផ្តល់ផលប្រយោជន៍។
ទោះយ៉ាងណា គេបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើន បានទាក់ទងម្ចាស់សិប្បកម្មខាងលើ ដើម្បីលក់ដើមត្នោតផងដែរ ក្នុងនោះខ្លះថា ដោយសារទើសត្រូវសង់ផ្ទះថ្មី ហេតុនេះត្រូវកាប់ចោល ប៉ុន្តែ អ្នកផ្សេងៗទៀតមិនដឹងយ៉ាងណានោះទេ។
គួរបញ្ជាក់ថា ដើមត្នោតគឺជានិមិត្តរូប និងជាអត្តសញ្ញាណជាតិខ្មែររាប់ពាន់ឆ្នាំ មានអត្ថប្រយោជន៍ច្រើនណាស់ ក្នុងនោះដូចជា៖ ស្លឹកយកទៅប្រកដំបូលផ្ទះ ផ្លែខ្ចីយកស្ល ផ្លែចាស់គេខ្វេះសាច់យកធ្វើបង្អែម ផ្លែទុំយកធ្វើនំ ទឹកយកធ្វើស្ករត្នោត ឬ ទឹកត្នោតផ្អែម និងទឹកត្នោតជូរ ជាដើម៕
ដោយ៖ លឹម ហុង