ភ្នំពេញ៖ កាលពីព្រឹកមិញនេះ (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០)មានការភ្ញាក់ផ្អើលជាខ្លាំង នៅផ្សារបឹងឈូក ខេត្តបាត់ដំបង ខណៈដែលចោរស្រីម្នាក់មានមុខមាត់ស្អាតបាត ស្លៀកពាក់សមសួន ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីបានធ្វើសកម្មភាពលូកកាបូបលួចយកទូរស័ព្ទដៃ ពីស្ដ្រីម្នាក់ពេលកំពុងចូលផ្សារទិញម្ហូប។
បើតាមបងប្អូនប្រជាពលរដ្ឋ បាននិយាយថា ចោរស្រីរូបស្រស់នេះ ធ្លាប់បានធ្វើសកម្មភាពលូកហៅប៉ៅគេបែបនេះ ច្រើនលើកមកហើយ ដែលកាលនោះ ពួកគាត់ក៏ធ្លាប់វ៉ៃម្តងផងដែរ ។ ប៉ុន្តែ លើកចុងក្រោយនេះ ជិះម៉ូតូរត់គេចខ្លួនពុំរួច ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយពុំបានបង្កអំពើហិង្សានោះទេ ដោយពួកគាត់យល់អំពីច្បាប់។
ករណីនេះផងដែរ បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ឃី ម៉េងលីន បានបង្ហោះវីដេអូជាច្រើន ស្ដីអំពីទិដ្ឋភាពចោរស្រីនោះត្រូវបានចាប់ខ្លួន និងបានសរសេរបញ្ជាក់ប្រាប់ថា៖ «ចោរលូកកាបូបយកទូរស័ព្ទនៅផ្សារបឹងឈូក បាត់ដំបងនៅព្រឹក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០»៕ ដោយ៖ លឹម ហុង