កាសែតថៃ baansuann បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឲ្យដឹងថា ស្ត្រីមានផ្ទៃពោះម្នាក់គ្រប់ខែឆ្លងទន្លេ ហើយបានឈឺពោះខ្លាំង ក៏បានចេញមកកាន់ដងផ្លូវជាមួយកូនស្រីតូចម្នាក់របស់នាង ដើម្បីរង់ចាំរថយន្តឈ្នួល ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនៅពេលនោះ ពុំមានរថយន្តណាឈប់នោះទេ។ ដោយសារឈឺពោះខ្លាំង នាងក៏បានបែកទឹកភ្លោះតែម្តង តែសំណាងបាននារីរូបសង្ហាចិត្តធម៌ម្នាក់ (ស្រីចរិកប្រុស) បានឈប់រថយន្តជួយសម្រាលកូនឲ្យនាង ដោយសុខចិត្តលះបង់ដោះអាវ ដើម្បីរុំកូនរបស់នាង ព្រោះអាកាសធាតុក្តៅខ្លាំង។
ជាមួយបទពិសោធន៍ដ៏កម្រលើកទី១ នៃហេតុការណ៍ដែលមិនអាចបំភ្លេចបាននេះ ប្រុសស្អាតខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Manha Sup Nuy បានផុសរឿងរ៉ាវនេះភ្ជាប់ជាមួយរូបភាពជាច្រើន និងសរសេររៀបរាប់ថា៖ «នេះជាអ្វីៗដែលមិនអាចធ្វើបានសម្រាប់ខ្ញុំ ប៉ុន្តែ ខ្ញុំត្រូវតែសម្រេចចិត្តធ្វើ សម្រាប់ស្ថានភាពបែបនេះ ។ នៅពេលឃើញបងស្រីនោះបែកទឹកភ្លោះ ខ្ញុំក៏បានប្រញាប់ប្រញាល់ដោះអាវទាំងការអៀនខ្មាស ដើម្បីរុំខ្លួនរបស់ទារក ព្រោះយល់ឃើញថាផ្ទៃដីក្តៅខ្លាំង។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញការចាប់កំណើតថ្មីមួយនេះ និងបានលឺសម្រែកយំរបស់ក្មេង។ អរគុណ សម្រាប់អ្នកដទៃទៀត ដែលបានជួយ ព្រោះថា គ្រប់ជីវិតគឺមានតម្លៃខ្លាំងណាស់។»
ទោះយ៉ាងណា ទាំងម្តាយ និងកូនរបស់នាង គឺសុវត្ថិភាពទាំងអស់គ្នា ហើយពួកគេក៏ត្រូវបានរថយន្តសង្គ្រោះ មកដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ baansuann)