ភ្នំពេញ៖ ជីវិតមនុស្សម្នាក់ៗ កើតមកនៅក្នុងលោកនេះ មានវាសនាខុសៗគ្នា អ្នកខ្លះកើតមកនៅក្នុងគ្រួសារធូរធា និងទ្រព្យសប្បត្តិហូរហៀរ រស់នៅយ៉ាងស្រណុកស្រួល ខណៈអ្នកទៀតនៅក្នុងគ្រួសារមានជីវភាពខ្សត់ខ្សោយ ដោយត្រូវរែកពុន បញ្ចេញកម្លាំងពលកម្មដើម្បីក្រពះតាំងតែពីវ័យកុមារ។
ជាក់ស្តែង ដូចក្មេងប្រុសម្នាក់នេះជាដើម ព្រោះតែគ្រួសារក្រីក្រ ជាហេតុធ្វើឲ្យរូបគេត្រូវបង្ខំចិត្តលះបង់កុមារភាពស៊ីឈ្នួលធ្វើការឲ្យគេ ដើម្បីបានប្រាក់បន្តិចបន្តួច អាចជួយសម្រួលជីវភាពគ្រួសារបានខ្លះ ដោយរូបគេបានប្រាប់ថា ចាប់ផ្តើមស៊ីឈ្នួលគេតាំងពីអាយុ ១០ ឆ្នាំ ម្លេះ ខណៈមកទល់ពេលនេះមានអាយុ ១៤ ឆ្នាំ ហើយ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ket seyha បានបង្ហោះរូបភាពរបស់ក្មេងប្រុសខាងលើ និងភ្ជាប់សាររៀបរាប់គួរឲ្យសង្វេកចិត្តយ៉ាងដូច្នេះថា៖ «ចុះទៅធ្វើការឃើញអាអូនកំពុងជីកដីបែកញើសគគ្រៀកកណ្តាលថ្ងៃសួរគាត់ ថាអាយុ14ឆ្នាំទេ ធ្វើការសំណង់តាំងពីអាយុ10ឆ្នាំមក ព្រោះតែក្រពះធ្វើឲ្យគាត់លះបង់ភាពកុមារភាព នឹកឃើញពីខ្ញុំកាលក្មេងមានបាយញាំហើយ រត់លេងមិនចង់ញ៉ាំទេ ឯក្មេងសម័យនេះព្រឹកឡើងកាន់ iPhone iPad ឯគាត់កាន់ចបជីក លីដី លីស៊ីម៉ងត៍ តើពូអាចជួយអីបាន? ចុងក្រោយបានឲ្យតែ 10ម៉ឺន រៀលគាត់លើដៃសំពះអរគុណខ្ញុំ៣ ៤ ដង សង្ឃឹមគាត់ធំឡើងជីវភាពគាត់ល្អប្រសើរជាងនេះ»។
ទោះយ៉ាងណា ភាពក្រលំបាក គឺជាមេរៀនបង្រៀនឲ្យយើងខំប្រឹងប្រែង ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយដែលនេះអាចថាវាជាបទពិសោធន៍មួយនៃជីវិតរបស់យើងម្នាក់ៗ៕
ដោយ៖ លឹមហុង