ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទសិរី ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ នេះបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ(ចាស់ជរាគ្មានទីពឹង ២២ គ្រួសារ ជនពិការ ៣ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ ស្ត្រីមេម៉ាយ ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១២ គ្រួសារ)ក្នុងស្រុកស្វាយជ្រំ មកពី ឃុំដូនស ១៥ គ្រួសារ ឃុំធ្លក ១៣ គ្រួសារ និងឃុំពោធិរាជ ១៥ គ្រួសារ សរុប ៤៣ គ្រួសារក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀង ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនូវវិធានការ ផ្ដល់កិច្ចអន្តរាគមន៍ឆ្លើយតបជាបន្ទាន់ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ នៅទូទាំងប្រទេស ដែលកំពុងរងផលប៉ះពាល់ផ្នែកជីវភាព រស់នៅដោយសារជំងឺកូវីដ-១៩ ជាពិសេសជាអាទិភាពយើងត្រូវយកចិត្តទុកដាក់ គិតគូចំពោះគ្រួសារចាស់ជរាឥតទីពឹង គ្រួសារជនពិការ គ្រួសារកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលមានជីវភាពខ្វះខាតជាដើម ។
ក្នុងឱកាសនោះដែរលោកស្រី ដួង វណ្ណា ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវគេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម និងចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំមានការធ្វេសប្រហែសក្នុងការការពារពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ជាប្រចាំ ៕
ដោយ៖ វ៉ៃកូ