ខេត្តកណ្ដាល៖ នារីម្នាក់បើករថយន្ដក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវចូលទឹកបឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាប់ព្រំប្រទាល់ខណ្ឌដង្កោ។
សពនារីខាងមានឈ្មោះ ចន្ទវលក្ខ អាយុជាង៣០ឆ្នាំ បច្ចុប្បន្នរស់នៅចំការដូង។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមាននារីម្នាក់ បានបើករថយន្ដម៉ាកកាមរីហាយប្រ៊ីតពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-7274 ដែលធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ពេលនោះដោយមេឃកំពុងតែភ្លៀងផង បានបើកវ៉ាកម៉ូតូនិងរថយន្ដមួយគ្រឿង ក៏រអិលរេចង្កូតធ្លាក់ចូលទឹកបឹងទទឹងលិចបាត់ ។
អស់រយៈពេលជិត១ម៉ោងទើបបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ប្រភពព័ត៌មានពីមិត្តភក្តិដែលស្គាល់គ្នា បានបន្ដទៀតថា ក្រោយពេលញុំាអីជាមួយគ្នាហើយ (ដោយមិនផឹកគ្រឿងស្រវឹងទេ) ថារូបនាងមិនសប្បាយចិត្តទេសុំមកមុន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក្រុងតាខ្មៅ បានចុះមកដល់កន្លែងហេតុ បានទាក់ទងខាងរថយន្ដស្ទូចមក ស្ទូចយករថយន្ដនារីរងគ្រោះទៅរក្សាទុក ចំណែកឯសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យបានប្រពៃណី៕
ដោយ៖ភត្រានិង សាម៉េត