ខេត្តស្វាយរៀង៖ ក្នុងឱកាសប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំង៣៥វត្តដែលស្ថិតនៅក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក ម៉ឹង សំផន បានថ្លែងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចម្រើន។
លោក នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាល ចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រាព្រមទាំងលោកស្រី លោក ចាន់ សារ៉ាន់ ក្រុមការងាររដ្ឋាភិបាលចុះជួយសង្កាត់បាវិតនៅចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំក្រុមការងារចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំង៣៥វត្តដែលស្ថិតនៅក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តបុព្វារាម ហៅវត្តព្រៃយាយ សង្កាត់បាវិត ក្រុងបាវិត និងវត្តបទុមរង្សីហៅវត្តចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោក ម៉ឹង សំផន ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយលោកតាពុទ្ធបរិស័ទ បងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខចំពោះជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។
លោក ម៉ឹង សំផនបានលើកឡើងថា បុណ្យចូលព្រះវស្សាគឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ បងប្អូនពលរដ្ឋខ្មែរយើង គោរព ប្រតិបត្តិជារៀងរហូតមក ។
លោក ម៉ឹង សំផន បានសង្កត់ធ្ងន់ថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចម្រើន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ឹង សំផន ក៏បានអំពាវនាវដល់យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យ បានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការ ចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាព នូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕
ដោយ៖វ៉ៃកូ