ស្ទឹងត្រែង ៖ សំណុំរឿងគ្រឿងញៀនចំនួន ៥ខេត្ត មាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តព្រះវិហារ ដែលមានទម្ងន់ប្រមាណជិត៤៧គីឡូក្រាម និងជាង៤ ម៉ឺនគ្រាប់ ត្រូវបានរៀបចំដុតបំផ្លាញចោល នៅខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។
ពិធីដុតបំផ្លាញចោលគ្រឿងញៀន ថ្ងៃប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញា ចៅក្រម សាលាដំបូងខេត្ត ជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថទាំងប្រាំខេត្ត ចូលរួមវិធី ដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន ដែលតុលាការបញ្ចប់សំណុំរឿងជំនុំជម្រះក្តី។
ឱកាសនោះ លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១ ខែមករា ដល់ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២០ វិធានការអនុវត្តច្បាប់បង្ក្រាបបានជាង៤ ពាន់ករណីទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យជាង៨ពាន់នាក់ ដកហូតវត្ថុតាងបានជាង២០០គីឡូក្រាម។
លោកនាយឧត្តមសេនីយ៍ បានជំរុញឲ្យសមត្ថកិច្ចបង្កើនកម្មភាពស៊ើបអង្គេតបន្ត ការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបន្ថែមទៀត ការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលបង្ក្រាបបាននៅឆ្នាំ២០២០នេះ សង្កេតឃើញថា កត់សម្គាល់ច្រើន តែជាជនជាតិចិនកោះតៃវ៉ាន់ មានទីតាំងផលិតកែច្នៃគ្រឿងញៀន។ ជនជាតិសាំងហ្គាពួរ ជនជាតិភូមា។ ក្រៅពីនេះ ក្រុមឧក្រិដ្ឋជន ដែលជាប់ពន្ធនាគារ ហើយនៅតែធ្វើសកម្មភាព បញ្ជាចេញពីក្នុងពន្ធនាគារ ឲ្យប្រព្រឹត្តការជួញដូរនៅខាងក្រៅបានទៀត។
លោកជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បន្ទាប់ពីបានបើកកញ្ចប់ និងត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនរួចរាល់ គណៈកម្មការតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនីមួយៗឃើញថា មានភាពត្រឹមត្រូវ ហើយគណៈកម្មការបានយកថ្នាំញៀនទាំងអស់នេះ សរុបមាន : ប្រភេទមេតំហ្វេតាមីនម្សៅក្រាម (ហៅICEឬទឹកកក) ទម្ងន់សរុប៤៦.៨២០,៤ ក្រាម។ ប្រភេទមេតំហ្វេតាមីនគ្រាប់ wy ចំនួន៤៧.០៧៧ ,៥គ្រាប់។ គ្រាប់ម្សៅពណ៌សទម្ងន់សរុប៨៤៨,៤ ក្រាម៕
ដោយ៖ សុខុម