ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះ ក្រុមហ៊ុន PPSEZ ទទួលបានប្រាក់ចំណូលសរុប ១៥.៧៤៨.២១៨ ពាន់រៀល ដែលមានថយចុះជាង ៨២,២៥% បើប្រៀបធៀបទៅនិងចំនួនប្រាក់៨៨.៦៩៥.០២៤ ពាន់រៀល ក្នុងត្រីមាសទី១ ឆ្នាំ២០១៩។ ជាលទ្ធផលក្រុមហ៊ុនចំណេញសុទ្ធចំនួន ៤៧៤.១៦១ ពាន់រៀល បើប្រៀបធៀបនិងប្រាក់ចំណេញសុទ្ធចំនួន ៣៦.០៥៧.១០១ ពាន់រៀល ក្នុងត្រីមាសដូចគ្នា ឆ្នាំ ២០១៩។
ប៉ុន្តែទោះបីជាយ៉ាងណារបាយការណ៍ដ៏ដែលនេះបានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តភាពរឹងមាំនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ដោយមានទ្រព្យសកម្មសរុបចំនួន ៣៨០.៩៥១.៧២៨ពាន់រៀល ដែលរួមមានទ្រព្យសកម្មរយៈពេលវែងចំនួន 137.191.976 ពាន់រៀល និងទ្រព្យសកម្មរយៈពេលខ្លីចំនួន 243.795.752 ពាន់រៀល។ មូលធនសរុបចំនួន 240.619.536 ពាន់រៀល ដែលមានការកើនឡើងចំនួន 1,40% បើប្រៀបធៀបទៅនិងចំនួន 237.286.016 ពាន់រៀល នៅចុងឆ្នាំ២០១៩។
ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ២០២០ ដើម្បីដំណើរការបោះឆ្នោត និងតែងតាំងក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅថ្ងៃទី ២៦ ខែមិថុនា ដែលការបោះឆ្នោតតែងតាំងនេះ ក្រុមហ៊ុន ជឿជាក់ថា និងជួយលើកស្ទួយឱ្យអាជីវកម្ម កាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត គឺជាអ្នកអភិវឌ្ឍនិងជាប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSEZ និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ដែលជាប្រតិបត្តិករតំបន់សេដ្ឋកិច្ចឈានមុខគេ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀតក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន PPSEZ ជាតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស ១៧ កំពុងប្រតិបត្តិការ និងក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស៣៤ ដែលទទួលបានអនុញ្ញាត។
គួរបញ្ជាក់ថា តាមរយៈការបណ្តាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រផលិតសម្ភារ បរិក្ខារ អេឡិចត្រូនិក ការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជា ការបង្កើតការងារនៅនឹងកន្លែង ជូនប្រជាពលរដ្ឋកម្ពុជា៕
ដោយ៖CEN