Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន​១.៦១៩​លើក ស្លាប់ ៨៦១​នាក់ រងរបួស ២.៤៤៩​នាក់​

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស (​ពី​ថ្ងៃទី​ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា​) ឆ្នាំ​២០២០​នេះ កើតឡើង​១៦១៩​លើក ស្លាប់ ៨៦១​នាក់ រងរបួស ២៤៤៩​នាក់​។ សម្តេច​បាន​ក្រើនរំលឹក​ថែមទៀត ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ត្រូវ​កាត់បន្ថយ ឬ​លប់បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង​។​

យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ថ្ងៃនេះ​គឺជា​ថ្ងៃទី​១​ខែកក្កដា ជា​ថ្ងៃ​បញ្ចប់​ពាក់កណ្តាល​ឆ្នាំ​២០២០ ហើយ​នៅថ្ងៃនេះ​សម្តេច​ក្រឡាហោម ក៏​សូម​ជម្រាបជូន​បងប្អូន​ជនរួមជាតិ អំពី​លទ្ធផល​ប្រកបដោយ​ភាព​វិជ្ជមាន នៃ​បញ្ហា​ចរាចរណ៍​រយៈពេល​១​ឆមាស ឆ្នាំ​២០២០​នេះ គឺ​ការគ្រោះថ្នាក់​មានការ​ថយចុះ គួរកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន និង​មុនពេល​មានការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ទិន្នន័យ​ជា​ផ្លូវការ​បានបង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល​១​ឆមាស (​ពី​ថ្ងៃទី​ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា​) ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ ៥៥២​លើក ស្មើ​២៥% (១៦១៩ លើ​២១៧១​លើក​) ចំនួន​មនុស្ស​ស្លាប់​ថយចុះ​១៧២​នាក់ ស្មើនឹង​១៧% (៨៦១ លើ​១០៣៣​នាក់​) ចំនួន​អ្នករងរបួស​ថយចុះ ៧៧៨​នាក់ ស្មើនឹង​២៤% (២.៤៤៩ លើ​៣.២២៧​នាក់​)​។​

​ដូចគ្នានេះដែរ បើ​ប្រៀបធៀប​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​២​ខែ នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២០ នឹង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩ គឺ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​២៣៣​លើក ស្មើនឹង​៣៤% (៤៥៧ លើ​៦៩០​លើក​) ចំនួន​មនុស្ស​ស្លាប់ មានការ​ថយចុះ​៧៩​នាក់​ស្មើនឹង​២៥% (២៤១ លើ​៣២០​នាក់​) និង​អ្នករងរបួស បាន​ថយចុះ​២៣៣​នាក់ ស្មើនឹង​២៣% (៧៦៦ លើ​៩៩៩​នាក់​)​។​

​តាម​ទិន្នន័យ​បញ្ជាក់​ខាងលើនេះ គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កាន់តែច្រើន​នៅពេល​ប្រទេសជាតិ​យើង មានការ​រីកចម្រើន មាន​កំណើន​យានយន្ត​ធ្វើដំណើរ និង កំណើន​អ្នកបើកបរ​ក៏ដោយ​តែ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​។​

​លទ្ធផល​វិជ្ជមាន​នេះ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច​សូម​ថ្លែងអំណរគុណ ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ​។ សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការបញ្ចេញមតិ ជាពិសេស​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​ផ្ទាល់​តែម្តង ដែល​សុទ្ធតែជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ ចូលរួម​ស្ថាបនា​និង​កែលម្អ​។​

​សម្តេច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់ ក្នុងន័យ​ស្ថាបនា និង​កែលម្អ​ថែមទៀត ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង គឺ​មានន័យថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នឹង​កាន់តែ​ថយចុះ ចំនួន​អ្នកស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀប​រៀបរយ​ល្អប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ​។​

​ជាមួយគ្នានេះ សម្តេច​សូម​ក្រើនរំលឹក​ថែមទៀត ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ត្រូវ​កាត់បន្ថយ ឬ​លប់បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង ៕
​ដោយ ៖ កូ​ឡាប​

×