ភ្នំពេញ៖ នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ដោយយកជង្គង់សង្កត់លើក្បាលជនសង្ស័យទៅនឹងថ្នល់ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែករណីនេះ ស្នងការនគរបាលរាជធានីបានទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែន នៃវិជ្ជាជីវៈ ហើយនឹងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យទៅមន្ត្រីនគរបាលរូបនោះ តាមបែបកងកម្លាំងនគរបាលជាតិ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនិងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួន ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ មកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូទទួលយកគ្រឿងញៀន ពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដើម្បីគេចខ្លួនពីសមត្ថកិច្ច។
ជនសង្ស័យឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន នៅទីតាំងខាងលើ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនិងបក្ខពួកមួយចំនួនទៀត។ អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញជនសង្ស័យ ស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោកជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួន ឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងនីតិវិធីច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “យើងខ្ញុំទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែន នៃវិជ្ជាជីវៈ យើងខ្ញុំនឹងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យ តាមបែបកងកម្លាំងនគរបាលជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន “៕
ដោយ៖កូឡាប