ភ្នំពេញ៖ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប សំដែងការសមជាចមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយបានពិភាក្សាផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងការបង្កើនវិស័យពាណិជ្ជកម្ម និងការវិនិយោគ។
លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើមកប្រទេសកម្ពុជារយៈពេល៦ខែមកហើយ ក្នុងនោះលោក បានជួបសំដែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាកិច្ចសហប្រតិបត្តិការ ជាពិសេស ការបង្កើនវិស័យពាណិជ្ជកម្ម ក៏ដូចជា ការវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី។
នៅក្នុងជំនួបពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រា្តលី ដែលកន្លងមក មានទំនាក់ទំនងល្អនិងគ្នា ទាំងរវាងប្រជាជន និងប្រជាជន ហើយក៏មានការវិនិយោគធំៗមួយចំនួនផងដែរ។
អ្នកឧកញ៉ា បានលើកឡើងថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានអមដំណើរសម្តេចតេជោ ទៅអូស្ត្រាលីបានចំនួន២លើក គឺឆ្នាំ២០០៦ និងឆ្នាំ ២០១៨ ហើយទំនាក់ទំនងកម្ពុជា និងអូស្ត្រាលីគឺថាមានច្រើន ពិសេសពាក់ព័ន្ធនិងវិស័យអប់រំ ដែលមានសិស្សនិស្សិតកម្ពុជា ទៅសិក្សានៅអូស្ត្រាលីច្រើន ហើយក្រៅពីហ្នឹងក៏មានប្រជាជនខ្មែរយើងរស់នៅប្រទេសអូស្ត្រាលី ហើយទទួលបានសញ្ជាតិអូស្ត្រាលីដែរ។
អ្នកឧកញ៉ា បានបន្តថា មានក្រុមហ៊ុនអូស្ត្រាលីជាច្រើន ចូលមកវិនិយោគនៅកម្ពុជា ជាពិសេស អ្នកឧកញ៉ា គិត ម៉េង ផ្ទាល់ក៏ជាអ្នកដែលបាននាំក្រុមហ៊ុនអូស្ត្រាលីធំៗ ចូលមកវិនិយោគនៅកម្ពុជាច្រើនដែរ ដូចជាក្រុមហ៊ុន ANZ Royal ក្រុមហ៊ុន Toll ជាដើម សុទ្ធតែជាក្រុមហ៊ុនអូស្ត្រាលី ហើយសូម្បីតែវីង ការបង្កើតដើមឡើយក៏ជាជំនួយរបស់មូលនិធិអូស្ត្រាលី ហើយសហការជាមួយក្រុមហ៊ុន ANZ បង្កើតក្រុមហ៊ុនវីងនេះឡើង។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសារសំខាន់របស់ធនាគារឯកទេសវីង ក្នុងការជួយដល់ប្រជាជនកម្ពុជាក្រីក្រ ជាពិសេសក្នុងអំឡុងកូវីដ១៩នេះ គឺថា វីងបានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការផ្ទេរលុយផ្ទាល់ៗ ទៅឲ្យប្រជាជនក្រីក្រ នេះគឺជាចំណុចមួយដ៏សំខាន់ដែលអាចជួយប្រជាជនដែលកំពុងតែជួបទុកលំបាក ក្នុងអំឡុងកូវីដ១៩។
លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ក៏បានលើកឡើងពីឆន្ទៈក្នុងការជួយ ជម្រុញធ្វើយ៉ាងណាឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែធំធេងជាងមុនបន្ថែមទៀតរវាងប្រទេសទាំងពីរ ហើយជាពិសេសខាងស្ថានទូតមានចំណាប់អារម្មណ៍ទៅលើថាមពលកកើតឡើងវិញ មានដូចជាប្រភពថាមពលវារីអគ្គីសនី ថាមពលពីពន្លឺព្រះអាទិត្យជាដើម គឺជាស្នូលសំខាន់មួយ ដែលស្ថានទូតផ្តោតជាសំខាន់ ចង់ផ្គត់ផ្គង់ថាមពលទាំងនេះទៅដល់រោងចក្រ ដែលដំណើរការកែច្នៃ ឬរោងចក្រផលិតកម្មផ្សេងៗនៅកម្ពុជា ហើយស្ថានទូត បានស្នើសុំថា ធ្វើយ៉ាងណាឲ្យកាន់តែមានទំនាក់ទំនងកាត់តែស្អិតរមួតជាមួយសភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា នេះជាជំនួបលើកដំបូង ដើម្បីភាគីទាំងពីររវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អាចមានលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៅមុខទៀត នៅថ្ងៃក្រោយ៕
ដោយ៖CEN