ភ្នំពេញ៖ ការសិក្សាវាយតម្លៃបឋមមួយបានបង្ហាញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាប សុទ្ធសឹងជាត្រីដែលស្ថិតក្នុងចំណោមត្រីចំនួន ៣៥ ប្រភេទ កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេសជិតខាងមួយចំនួនទៀតផង។ ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកល និងនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី សុទ្ធសឹងជាប្រភេទកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសទិវាមច្ឆជាតិលើកទី២០ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ រដ្ឋបាលជលផល និងអង្គការ WWF សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការជាបន្ទាន់លើការពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុតចំពោះរាល់ការនេសាទ និងការជួញដូរប្រភេទត្រីជិតផុតពូជ ដែលកំពុងកើតឡើងនៅក្នុងតំបន់តាមបណ្តោយដងទន្លេមេគង្គ។
ការធ្វើពាណិជ្ជកម្មនិងជួញដូរត្រីជិតផុតពូជប្រភេទនេះ មិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ សកម្មភាពនេះកំពុងបង្កហានិភ័យខ្ពស់គួរឱ្យព្រួយបារម្ភ ដល់ធនធានជលផលកម្ពុជា ពិសេសប្រភេទត្រីមេពូជសំខាន់ៗ និងសត្វផ្សោតទន្លេដែលជាបេតិកភណ្ឌ មានជិវិតរបស់ជាតិយើងផងដែរ។
រដ្ឋបាលជលផល អាជ្ញាធរដែនដី អង្គការ WWF និងដៃគូរអភិវឌ្ឍដទៃទៀត បាននឹងកំពុងយកចិត្តទុកដាក់ការពារ និងថែរក្សាមិនឱ្យធនធានដ៏កម្រនេះបាត់បង់។ មិនតែប៉ុណ្ណោះ រដ្ឋបាលជលផល និងអង្គការ WWF ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ជលផលចំពោះការនេសាទនិងជួញដូរត្រីខុសច្បាប់ បន្ទាប់ពីស្ថាប័នទាំងពីរនេះ បានបញ្ចប់ការសិក្សាវាយតម្លៃបឋមស្តីអំពីការនេសាទ និងការជួញដូរត្រីខុសច្បាប់នៅក្នុងតំបន់ តាមបណ្តោយដងទន្លេមេគង្គកាលពីដើមឆ្នាំ២០២០ នេះ។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល មានប្រសាសន៍ថា៖ “អ្នកនេសាទត្រី អ្នកទិញត្រី និងឈ្មួញកណ្តាល មិនសូវយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងកិច្ចការពារ និងការគ្រប់គ្រងធនធានជលផលទេ ជាពិសេសប្រភេទជលផលកំពុងទទួលរងការគំរាមកំហែង ដែលយើងត្រូវរួមគ្នាអភិរក្សកុំឱ្យបាត់បង់។ ខ្ញុំសូមស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការអប់រំនិងផ្សព្វផ្សាយបន្ថែមទៀតជូនដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ អំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតជាធរមាន ក៏ដូចជាបំផុសស្មារតីរបស់ប្រជាជនឱ្យចូលរួមការពារ និងថែរក្សាធនធានជលផលកម្ពុជាកុំឱ្យបាត់បង់ ហើយបន្តលើកទឹកចិត្តប្រជាជនឱ្យចាប់យកជម្រើសមុខរបរផ្សេងទៀតបន្ថែមពីលើការនេសាទ។”
របាយការណ៍ស្តីពីការពង្រឹងការអនុវត្តច្បាប់ ដោយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង មន្ត្រីឆ្មាំទន្លេ និងអង្គការ WWF បានបង្ហាញថា មានការកើនឡើងនូវសកម្មភាពនេសាទនៅក្នុងដែនអភិរក្ស ដែលជាតំបន់ច្បាប់ហាមឃាត់មិនឱ្យមាន ការប្រើប្រាស់ឧបករណ៍នេសាទដូចជា៖ សំណាញ់ មងបណ្តែត មងកាំង សន្ទួចរនង ឧបករណ៍ឆក់ និងថ្នាំបំពុល។ ផ្អែកតាមរបាយការណ៍ដដែលនេះ ចំនួនមងនេសាទដែលក្រុមការងារដកហូត បានពីការបង្ក្រាបបទល្មើសជលផលក្នុងចន្លោះខែធ្នូឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០ បានកើនឡើងចំនួន ៣៨ ភាគរយ ដែលប្រវែងមងដកហូតបានសរុបមានចំនួន ៣៩.១៦២ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨និង២០១៩ ដែលមងដកហូតបានមានប្រវែងសរុបតែ ២៨.៤៣៥ ម៉ែត្រ។ ដូចគ្នានេះដែរ ការប្រើប្រាស់សន្ទួចរនងមានការកើនឡើងចំនួន ៤៦ ភាគរយ ដែលប្រវែងសន្ទួចរនងដកហូតបានចន្លោះខែធ្នូឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០ សរុបមានចំនួន ៣៧.០៤០ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨និង២០១៩ មានប្រវែងតែ ២៥.៤៣៧ ម៉ែត្រ។
លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា៖ “ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ មេត្តាបង្កើនការរឹតបន្តឹងលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងបង្កើនយន្តការត្រួតពិនិត្យ ជាប្រចាំនៅតាមបណ្តាទីផ្សារ និងដេប៉ូទិញ-លក់ត្រី ព្រមទាំងដាក់ពិន័យឱ្យបានធ្ងន់ធ្ងរបំផុត ដល់ជនល្មើសទាំងឡាយណាដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ចកម្មប្រភេទត្រីជិតផុតពូជនិងត្រីមេពូជក្នុងប្រទេសកម្ពុជា។”
អនុសាសន៍សំខាន់ៗដែលត្រូវបានដាក់ចេញ ដើម្បីអភិរក្សប្រភេទត្រីកំពុងរងគ្រោះថ្នាក់ជិតផុតពូជរួមមាន៖ ១/បង្កើនការអប់រំនិងផ្សព្វផ្សាយជូន ដល់អ្នកប្រកបរបរលក់ត្រី និងឈ្មួញកណ្តាល ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងទៀត។ ២/បន្តតាមដានសកម្មភាពនេសាទខុសច្បាប់ដែលប្រើឧបករណ៍ឆក់ និងកំណត់ឲ្យបានច្បាស់នូវខ្សែសង្វាក់ជួញដូរត្រីខុសច្បាប់។ ៣/រឹតបន្តឹងការអនុវត្តច្បាប់ដោយមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការប្រមូលផលត្រី និងផ្លូវដឹកជញ្ជូនត្រី ដែលបានមកពីសកម្មភាពនេសាទខុសច្បាប់នៅតាមដងទន្លេ ក៏ដូចជាដើម្បីបញ្ឈប់ការលក់ត្រីដែលជាប្រភេទកំពុងរងគ្រោះថ្នាក់នៅតាមទីផ្សារ។ ៤/ក្រុមការងារល្បាតចល័តដែលមានសមាសភាព ដឹកនាំដោយប្រធាននិងអនុប្រធានក្រុមឆ្មាំទន្លេ ត្រូវចាត់វិធានការចាំបាច់នានាចំពោះការជួញដូរត្រីខុសច្បាប់ រាប់បញ្ចូលទាំងប្រភេទត្រីកំពុងរងគ្រោះថ្នាក់។
លោក សេង ទៀក មានប្រសាសន៍បន្ថែមទៀតថា៖ “អង្គការ WWF ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងសហការជាមួយរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ព្រមទាំងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តអនុសាសន៍និងវិធានការបន្ទាន់នានា ក្នុងគោលដៅបង្កើនការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់”៕
ដោយ៖CEN