ភ្នំពេញ៖ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកការរាតត្បាតជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបោះជំហានបន្ថែមទៀតដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានដោយជោគជ័យ ក្នុងការទទួលបានអនុបំណុលក្នុងទឹកប្រាក់ 50 លានដុល្លារអាមេរិក សម្រាប់រយៈពេល 7 ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ 100 លានដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ប្រាសាក់ចាប់តាំងពីខែមេសា ឆ្នាំ 2020 ។
លោក Chang-Su Choi នាយកនៃសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចសាកល នៃធនាគារ ខេប៊ី គូកមីន បានមានប្រសាសន៍ថា «ធនាគារ ខេប៊ី គូកមីន ពិតជារីករាយការផ្តល់ឥណទាននេះដល់ប្រាសាក់ ដើម្បីឱ្យប្រាសាក់អាចផ្ដល់ឥណទាននេះបន្តជូនដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះនឹងចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារ ក្នុងស្ថានភាពប្រឈមដែលមិនធ្លាប់ជួបប្រទះពីមុនមកនេះ»។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានបញ្ជាក់ថា «ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យប្រាសាក់ពង្រឹងមូលធនកម្មឱ្យកាន់តែរឹងមាំ និងបង្កើនសន្ទនីយភាពដើម្បីបំពេញបានតាមតម្រូវកាអាជីវកម្មរបស់ប្រាសាក់ ក៍ដូចជាផ្តល់លទ្ធភាពច្រើនបន្ថែមទៀត ដល់ប្រាសាក់លើការពង្រីកការផ្តល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម ដែលភាគច្រើនមានម្ចាស់ជាស្ត្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់។
លោកបានបន្តទៀតថា «ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះក៏ដោយ ប្រាសាក់ នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្តល់ឥណទាននេះ។ នេះគឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំមិនរង្គោះរង្គើមកលើប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសកម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»៕
ដោយ៖CEN