Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​លើក​សោភ័ណភាព អាជ្ញាធរ​រាជធានី​គ្រោង​នឹង ធ្វើ​របង​ថ្ម​និង​រៀប​ការ៉ូឡា​ជិត ១​គីឡូម៉ែត្រ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​៖ ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត និង​មាន​សណ្ដាប់ធ្នាប់​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្ថាបនា​របង​ថ្ម​ជាមួយនឹង​ការរៀប​ការ៉ូឡា លើ​ចិញ្ចើមផ្លូវ​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តា​យ​មហាវិថី​សហព័ន្ធរុស្ស៊ី ដោយ​ចាប់ពី​កា​រ៉ា​ស​សាំង​តូ​តា​ល់ រហូតដល់​ស្តុ​ប​វត្ត​នាគ​វ័ន​។​

ដើម្បីឱ្យ​គម្រោង​នៃ​ការរៀបចំ​របង​ថ្ម​និង​រៀប​ការ៉ូឡា​នេះ ដំណើរការ​ទៅបាន​រលូន និង​ទទួលបាន​ជោគជ័យ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌដូនពេញ និង​មន្ទីរជំនាញ ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​នេះ និង​បានស្នើ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជុំវិញ​គម្រោង​ស្ថាបនា​របង​ថ្ម​មួយ​នេះ​ឡើង ដោយហេតុថា កំណាត់​ផ្លូវ​មួយ​នេះ មិនមាន​ផ្លូវ​ថ្មើ​ជើង​ដើរ​ទេ អាជ្ញាធរ​រាជធានី នឹងធ្វើ​ឲ្យ​មាន​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើ​ជើង​ដើរ​ឲ្យ​បាន​ស្អាត សមជា​ទីក្រុង​ដែលជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ការចុះពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅពេលនោះ បងប្អូន​ប្រជាពលរដ្ឋ ក៏បាន​បង្ហាញ់​ទឹកចិត្ត​ស្រឡាញ់ រាប់អាន យ៉ាងខ្លាំង ចំពោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​បាន​គាំទ្រ​ជុំវិញ​គម្រោង​នេះ​។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះទៅពិនិត្យ​ទីតាំង​នោះ ជាមួយ​លោក​អភិបាល​រាជធានី បានបញ្ជាក់​ឲ្យ​ដឹងថា គម្រោង​នៃ​ការរៀបចំ​សាងសង់​របង​ថ្ម នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត​ការដ្ឋាន ចេញពី​កា​រ៉ា​ស​សាំង​តូ​តា​ល់ ដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២) មាន​ប្រវែង ៦៥០​ម៉ែត្រ កម្ពស់ ២​ម៉ែត្រ ។ ដំណាក់​ការ​ទី​២ ចាប់ផ្ដើម​ពី​ផ្លូវ R៦ (​ស្តុ​ប​ក្តាន់​២) នេះ រហូតដល់​ទប់​វត្ត​នាគ​វ័ន ដែលមាន​ប្រវែង​៤៣៧​ម៉ែត្រ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ការធ្វើ​របង​ថ្ម ជាមួយនឹង​ការរៀបចំ​ការ៉ូឡា សម្រាប់​ថ្មើរជើង​នេះ ធ្វើឡើង​ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អប្រសើរ ដោយសារតែ​ផ្លូវ​សហព័ន្ធរុស្ស៊ី ជា​ផ្លូវ​មួយ​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​រាល់ថ្ងៃ ដាច់ខាត​ត្រូវតែ​រៀបចំ​ផ្លូវ​នេះ ឲ្យ​មាន​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​ល្អប្រសើរ ៕
​ដោយ​៖​កូ​ឡាប​

×