Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលបាន​ចំណូល​ជាង ២៦៤ លាន​ដុល្លារ​អាមេរិក ពី​ការនាំចេញ​អង្ករ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០

​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​២​កក្កដា​នេះ​បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​ការនាំចេញ​អង្ករ​ក្នុង​បរិមាណ ៣៩៧ ៦៦០​តោន ក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០២០ ដែលមាន​កំណើន ជាង​៤១% ប្រៀបធៀប​ទៅក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩ ដែលមាន​ការនាំចេញ​បានត្រឹមតែ ២៨១ ៥៣៨​តោន​។ ការនាំចេញ​នេះ​ទទួលបាន​ប្រាក់ចំណូល​ជាង ២៦៤ លាន​ដុល្លារ​អាមេរិក​។

​ប្រទេស​ចិន បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​រហូតដល់ ៣៧% នៃ​ទីផ្សារ​នាំចេញ​អង្ករ​សរុប​របស់​កម្ពុ​ជា ក្នុង​រយៈពេល​មួយ​ឆមាស ដើមឆ្នាំ​២០២០​នេះ ដែល​គិត​ជា​បរិមាណ​មាន​ចំនួន ១៤៧ ៩៤៩​តោន​។ ទីផ្សារ​សហគមន៍​អឺរ៉ុប រួមទាំង​ប្រទេស​អង់គ្លេស នៅតែ​ដើរតួ​យ៉ាងសំខាន់​បន្ទាប់​ពី​ប្រទេស​ចិន ដែល​កាន់កាប់​ចំណែក​ទីផ្សារ​រហូតដល់ ៣៤% ដែល​ស្មើនឹង ១៣៥ ៥៧៦​តោន ក្នុងនោះ ប្រទេស​បារាំង​ជា​ប្រទេស​ដែល​នាំចូល​ធំជាងគេ​បង្អស់ គឺមាន​បរិមាណ ៥១ ១៧៥​តោន​។ រីឯ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ ឃើញថា បាន​កាន់កាប់​ចំណែក​ទីផ្សារ​ប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧​តោន ដែល​ក្នុងនោះ​ប្រទេស​ម៉ាឡេស៊ី​ជាទី​ផ្សារ​ធំ​បំផុត គឺមាន​បរិមាណ​ចំនួន ២១ ៩០៤​តោន ហើយនឹង​ទីផ្សារ​គោលដៅ​ប្រទេស​ផ្សេងៗ​ទៀត មាន​ចំនួន ១៦% ស្មើនឹង ៦១ ១៤៨​តោន ក្នុងនោះ​មាន​ប្រទេស​ហ្កា​បុ​ង និង​ប្រទេស​អូស្ត្រាលី ជា​ប្រទេស​នាំមុខ​សំខាន់​។

​ចំពោះ​ប្រភេទ​អង្ករ​សម្រាប់​ការនាំចេញ​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២០​នេះ អង្ករ​ក្រអូប មាន​ចំនួន ៧៧% ដែលមាន​បរិមាណ ៣០៦ ៧៨៦​តោន គិត​ជា​កំណើន​គឺ​កើនឡើង ៣៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។ ដោយឡែក​ចំពោះ​អង្ក​រស និង​អង្ករ​ផ្សេងៗ មាន​ចំណែក​ប្រមាណ ២៣% នៃ​ការនាំចេញ​សរុប ដែល​ចំនួន​នៃ​ចំណែក​នេះ គឺមាន​កំណើន​ជិត​៨០% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ដោយ​មូលហេតុ​តម្រូវការ​ខ្ពស់​លើ​អង្ករ​ប្រភេទ​នេះ ក្នុង​កាលៈទេសៈ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ព្រោះ​ជា​ប្រភេទ​អង្ករ​ដែលមាន​តម្លៃ​ធូរ​ថ្លៃ​។

​ម្យ៉ាងទៀត សម្រាប់​ទីផ្សារ​ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់ សហគមន៍​អឺរ៉ុប មាន​រហូតដល់ ១៣ ៥៦៦​តោន ឬ ស្មើនឹង ៣៣% នៃ​ចំណែក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ហើយ​ប្រទេស​ចិន​បាន​នាំចូល​អង្ករ​កម្ពុជា ប្រមាណ​ជាជាង​១១ ១២៤​តោន ឬ ស្មើនឹង ២៧% នៃ​ចំណែក​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា ហើយ​អាស៊ាន និង​ទីផ្សារ​គោលដៅ​ផ្សេងៗ​ទៀត​មាន​ចំនួន ៤០% ឬ​ក្នុង​បរិមាណ ១៦ ៨៧៣​តោន​។

​ចំពោះ​តម្លៃ​អង្ករ​នាំចេញ គិត​ត្រឹម​កំពង់ផែ អង្ករ​ក្រអូប​ប្រណីត មានតម្លៃ​ជា​មធ្យម ៩០០​ដុល្លារ​អាមេរិក និង​ប្រភេទ​ក្រអូប​ធម្មតា មានតម្លៃ​ជា​មធ្យម ៧៦០​ដុល្លារ​អាមេរិក ហើយ​អង្ករ ស ប្រភេទ​បាយ​ទន់ មានតម្លៃ​ជា​មធ្យម ៥២០​ដុល្លារ​អាមេរិក​។ សរុប​ជារួម​មក ចំណូល​ដែល​ទទួលបាន​ពី​ការនាំចេញ​អង្ករ​កម្ពុជា សម្រាប់​ខែមិថុនា ឆ្នាំ​២០២០​នេះ គឺមាន​ទឹកប្រាក់​សរុប​ប្រមាណ ២៣.៧​លាន​ដុល្លារ​អាមេរិក​៕

ដោយ​៖​កូ​ឡាប​

×