កណ្ដាល៖ បណ្ដាញសង្គមហ្វេសប៊ុកក៏ដូចជាប្រជាពលរដ្ឋបាននិយាយរិះគន់ទៅលើសមត្ថកិច្ចដែលប្រចាំការនៅលើស្ពានអ្នកលឿងថាបានយកលុយពីប្រជាពលរដ្ឋដែលឈប់នៅលើស្ពានហើយម្យ៉ាងទៀតពុំបានគិតគួរត្រួតពិនិត្យមើលក្រុមជនខិលខូចដែលបានដើរបោះដែកគោលលើស្ពានដើម្បីឲ្យធ្លាយកង់ម៉ូតូដើម្បីបានប៉ះយកកម្រៃ ប៉ុន្តែករណីនេះ សមត្ថកិច្ចខេត្តកណ្ដាលបានបកស្រាយថាប៉ូលីសមិនបានយកលុយទេគឺប្រជាពលរដ្ឋឃើញសមត្ថកិច្ចប៉ូលីសមានការនឿយហត់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ពេលបងប្អូនឈប់ម៉ូតូថតកម្សាន្ត ក្នុងការធ្វើចរាចរណ៍លើស្ពានអ្នកលឿងក៏ផ្ដល់ថវិកាបន្តិចបន្តួចជាការលើកទឹកចិត្តហើយម្យ៉ាងទៀតករណីបោះដែកគោលក៏មិនមានដែរគឺរថយន្តដឹកអេតចាយបានធ្វើឲ្យជ្រុះធ្លាក់កម្ទេចដែកតែប៉ុណ្ណោះទើបបណ្ដាលឲ្យមានការធ្លាយកង់ម៉ូតូរបស់អ្នកដំណើរ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរខេត្តកណ្តាល នៅថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២០បានចេញសារ ឆ្លើយតបម្ចាស់គណនីហ្វេសប៊ុគ Rithy Ka និង Na Vuth ដែលបានបង្ហោះ និងShare មានខ្លឹមសារថា៖ ជូនដំណឹងដល់លោកប៉ូលីសដែលរង់ចាំលាដៃយកលុយពីប្រជាពលរដ្ឋចុះថតលេីស្ពានមេត្តាបេីកភ្នែកមេីលលេីស្ពានផងដែកគោលលេីស្ពានព្រាតកង់ម៉ូតូបែកបង្ហែគ្នា(ខ្ញុំជាប្រជាពលរដ្ឋរស់នៅអ្នកលឿង ) សុំខ្លាចហេីយ មានដែកគោលគ្រប់ប្រភេទ ថ្ងៃមុនប្តីដេីររេីសបាន មួយថង់ទាំងព្រឹក។
ក្រោយទទួលព័ត៌មានខាងលើភ្លាមក្រុមការងារប្រតិកម្មរហ័ស នៃអធិការនគរបាលស្រុកលើកដែក បានចេញរបាយការណ៍ ឆ្លើយតបទៅនឹងម្ចាស់គណនីខាងលើ ក៏ដូចជាសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមជ្រាប និងកុំមានការភាន់ច្រឡំ វិញថា៖ស្ពានត្សឹបាសា(ស្ពានអ្នកលឿង) ជាជំនួយរបស់ប្រទេសជប៉ុន កម្លាំងផ្នែកសណ្តាប់ធ្នាប់ស្រុកលើកដែក ខេត្តកណ្តាល ទទួលខុសត្រូវត្រឹមពាក់កណ្តាលស្ពាន (ត្រេីយខាងលិច) ឯម្ខាងទៀតពាក់ព័ន្ធភូមិសាស្ត្ររបស់ស្រុកពាមជរ ខេត្តព្រៃវែង (ត្រេីយខាងកេីត) ។ ចំពោះកម្លាំង១នាក់ដែលឈរជើងរៀបចំសណ្តាប់ធ្នាប់លើស្ពានគឺមិនអនុញ្ញាតឲ្យមធ្យោបាយគ្រប់ប្រភេទឈប់ ឬចតនៅលើស្ពានឡើយតែដោយស្ពានត្សឹបាសានេះជាស្ពានមានសោភ័ណ្ឌភាពល្អហើយវែងជាងគេក្នុងប្រទេសកម្ពុជាទើបមានអ្នកធ្វើដំណើរទេសចរណ៍ទាំងជាតិនិងអន្តរជាតិឈប់មធ្យោយបាយរបស់ខ្លួនដេីម្បីយកខ្យល់អាកាស និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសាររបស់ខ្លួនមួយភ្លេតៗប៉ុណ្ណោះ។ ទន្ទឹមនោះដោយឃើញកម្លាំងនគរបាលយើងមានការនឿយហត់ ពួកគាត់ក៍បានផ្តល់នូវប្រាក់ បន្តិចបន្ទួច ឬជាគ្រឿងបរិភោគដូចជាទឹកសុទ្ធ ទឹកក្រូចជាដើម ។ល។ ចំពោះកម្លាំងឈរជើងលើស្ពានខាងលើផ្នែកសណ្តាប់ក៍ដូចជាអធិការពុំបានបង្គាប់បញ្ជាឲ្យទារប្រាក់អ្នកមកកំសាន្ត ឬធ្វើដំណើរឆ្លងកាត់ឡើយ។
ចំពោះដែកគោលដែលថាមានគេបាចលើស្ពានគឺពុំពិតនោះទេ ដោយសារឡានដឹកអេតចាយរៀបចំមិនប្រុងប្រយ័ត្នបានជ្រុះដែកស្រួចតូចៗបណ្តាលឲ្យមុតកង់ម៉ូតូ កង់ឡានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។
រីឯអ្នកប្រកបមុខរបរប៉ះកង់ម៉ូតូ ឡានវិញកន្លងមកកម្លាំងយើងបានចុះអប់រំណែនាំមិនឲ្យពួកគាត់ធ្វើអ្វីឆ្គាំងឆ្គងអសិលធម៌ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក្នុងការថែរក្សាការពារស្ពានវិញ អាជ្ញាធរស្រុក និងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលេីកដែកធ្វេីការលាងសំអាត បោសដី រេីសសំរាមដែលបងប្អូនប្រជាពលរដ្ឋចោលលេីស្ពានជាប្រចាំ ព្រមទាំងបាញ់ទឹកលាងសម្អាតក្នុងមួយខែ៤ដងផងដែរ៕ ដោយ៖កូឡាប