Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ហូប​ខ្មែរ​ឡាវ ឈ្មោះ​ប៉ា​ខិម ឬ​ត្រី​ប្រៃ កំពុង​ពេញនិយម នៅ​ស្ទឹងត្រែង​

ស្ទឹងត្រែង ៖ បងប្អូន​ខ្មែរ​ឡាវ​រស់នៅ​ខេត្តស្ទឹងត្រែង និយម​ចូលចិត្ត​ម្ហូប​ឈ្មោះ​ប៉ា​ខិម ឬក៏​ត្រី​ប្រៃ នៅក្នុង​រដូវ​ធ្វើស្រែ​ចម្ការ តែ​អ្នកទីក្រុង​ក៏​បរិភោគ​បានដែរ គ្រាន់​តែមាន​អ្នកខ្លះ​មិនចេះ​។​

អ្នក​ខេត្តស្ទឹងត្រែង និយម​ចូលចិត្ត​ណាស់ ម្ហូប​មួយ​ប្រភេទ​នេះ ពិសេស​នៅក្នុង​ខែមិថុនា និង​ខែកក្កដា ពេល​ត្រី​ពង​។ ក្នុង​រយៈពេល​២​ខែ​នេះ​ជា​រៀងរាល់ឆ្នាំ គេ​តែងតែ​ឃើញ​ពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង ដាក់លក់​ត្រី ប៉ា​ខិម ឬ​ត្រី​ប្រៃ ព្រោង ព្រាត​នៅតាម​ផ្សារ​។ ដោយ​ក្នុង​មួយ​គីឡូ​ចាប់ពី 25.000 រៀល​ទៅ 4 ម៉ឺន​រៀល តាម​ប្រភេទ​ត្រី​ល្អ​។​

អ្នក​ខេត្តស្ទឹងត្រែង រៀបរាប់ថា យូរលង់​មកហើយ​ឈ្មោះ​ប៉ា​ខិម គឺជា​ភាសា​ឡាវ​ហើយ​ខ្មែរ​យើង​ហៅថា​ត្រី​ប្រៃ​។ ត្រី​ប្រៃ​គេ​យក​ត្រី​រៀល​ដែលមាន​ពង​ក្នុង​ពោះ​ក្នុង​រដូវវស្សា ខែមិថុនា និង​កក្កដា មក​ប្រឡាក់​ច្របល់​ជាមួយ​អំបិល​ប្រៃ ដោយ​មិន​យក​អាចម៍ និង​ស្រកា​ចេញ​ឡើយ​។​

កាលពីមុន​អ្នកនេសាទ បាន​ប្រើ​ទូក​កាណូត និង​ច្រវា​គាស់​ព្រៃ​លិច​ទឹក ដើម្បី​ឲ្យ​ត្រី​លោត​ចូលក្នុង​ទូក នៅ​ពេលយប់​ស្ងាត់​។ តែ​ឥឡូវនេះ​គេ​ប្រើ​សំណាញ់​ឬ​មង​វិញ ហើយ​ត្រី​រៀល ដែល​នៅ​ស្រស់ៗ​គេ​គ្រាន់តែ​លាង​សម្អាត រួច​ប្រឡាក់​ជាមួយ​អំបិល និង​ច្រក​ក្នុង​ធុង​កាន​ឬ​ក្រឡ​តូចៗ​។​

​សូមបញ្ជាក់ថា ត្រី​ដែល​ទុក​យូរ​ហើម​អន់សាច់ មិនអាច​យកទៅ​ធ្វើបាន​ទេ​។ គឺ​យកតែ​ត្រី​រៀល នៅ​ស្រស់​តែប៉ុណ្ណោះ​។​
អ្នក​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ពី​វិធី​ធ្វើ​ត្រី​ប៉ា​ខិម ឬ​ត្រី​ប្រៃ បាន​ឲ្យ​ដឹងថា ដំបូង​គេ​យក​អំបិល មក​បុក​ឲ្យ​ម៉ដ្ឋ​រួចហើយ​យក​ត្រី​មក​វាល់​ដាក់​លាយ​និង​អំបិល​ក្នុង​មួយ​ចាន​កូ​ម​។ ត្រី​ត្រូវ​វាល់​អំបិល ដាក់​មួយ​គូទ​ចាន ឬ​ក្នុង​ដប់​ចាន​ត្រី យើង​វាល់​អំបិល​ដាក់​ក្នុង​ដប់​ចាន​ដែរ ហើយ​ច្របល់​ត្រី​ឲ្យ​សព្វ​ចូលគ្នា​។​

​បន្ទាប់មក​យក​ដាក់​ក្នុង​ពាង​ធុង​ក្រឡ ហើយ​ដាក់​រំដេង ជាមួយគ្នា​យ៉ាងតិច​១​មើម​ឬ ២​មើម​ដើម្បីឱ្យ​កាត់​ចំអាប​។ ក្រោយពី​ទុក​អស់​រយៈពេល ១៥​ថ្ងៃ ទើប​យើង​យក​ស្រូវ​មក​លីង​ធ្វើ​លាច​។ យក​ត្រី​ក្នុង​ពាង​ចាក់ចេញ​លាយ និង​ស្រូវ​លាច​ច្របល់​ឲ្យ​សព្វ​។ រួច​ដាក់​ក្នុង​ពាង​វិញ​ទុក​ឲ្យ​បាន​មួយខែ ឬ​មួយខែ​កន្លះ ទើប​អាច​យកមក​ទទួលទាន​បាន​។​
អ្នកស្រុក​ស្រែចំការ ក្នុង​ខេត្តស្ទឹងត្រែង តែង​យក​ព្រៃ​ប៉ា​ខិម ឬ​ត្រី​ប្រៃ ពី​ក្នុង​ពាង​មក​ដាក់​ស្ករ​អំបិល​ប៊ីចេង​ជី និង​ក្រូចឆ្មារ​បរិភោគ​ជាមួយ​បាយ​ក្តៅ​ពេល​ចុះទៅ​ភ្ជួរ​រាស់​ស្ទូងស្រូវ​ឆ្ងាញ់​ពិសា​។ ត្រី​ដែល​ដាក់​នៅក្នុង​ពាង​អាច​ទុក​បាន​ពេញ​មួយឆ្នាំ​។​

​អ្នកស្រុក​ស្រែចំការ ពេល​អត់​ម្ហូប​តែងតែ​យក​ប៉ា​ខិម ឬ​ត្រី​ប្រៃ មក​ទទួលទាន​កាត់បន្ថយ​ការចំណាយ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​៕ ដោយ ៖ សុខុម​


×