ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា មន្ត្រីរាជការដែលខិចលខូចឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងរិះរកល្បិចធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្ស។ ជម្លោះដីធ្លីនៅស្រុកគាស់ក្រឡ គឺមានការឃុបឃិតរវាងមន្ត្រី និងលោកឧកញ៉ា សង ថន ដោយឃុបឃិតយកដីរបស់រដ្ឋ ហើយបែរជាបន្លំធ្វើឯកសារថាដីនោះ ជាដីស្របច្បាប់របស់ឧកញ៉ា។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យកាត់ឆ្វៀលដីដែលមានទំនាស់នៅស្រុកគាស់ក្រឡ ជូនប្រជាពលរដ្ឋទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។
ដើម្បីដោះស្រាយវិវាទដីធ្លីនេះ សម្តេចបានបញ្ជាទៅក្រសួងយុត្តិធម៌ ក្រុមមេធាវីរបស់សម្តេច ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតលើរឿងនេះ។ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ បានបញ្ជាទៅលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រៀបចំឯកសារពាក់ព័ន្ធ លើវិវាទនេះ ដាក់ជូនគណៈរដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាដីធ្លីនេះដល់ពេលត្រូវជម្រះ និងត្រូវវះកាត់មន្ត្រីដែលខិលខូច។ ចំពោះមន្ត្រីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ ហើយរិះរកកលល្បិច និងវិធីផ្សេងៗ ធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុចរិត គឺនឹងរំលាយចោលវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាឲ្យកាត់ឆ្វៀលដីជូនពលរដ្ឋរស់ នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។ សម្តេចតេជោ បានចេញបទបញ្ជាឲ្យ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។
ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋ បានកសាងលំនៅដ្ឋាន រស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយ នៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឲ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ សូមកុំឲ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។
ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយឲ្យដាច់ស្រេច ក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះ ត្រូវធ្វើឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត។
វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។ ចំណែក លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបង គឺលោក រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅមកសួរនាំ៕
ដោយ៖បញ្ញាស័ក្តិ