ភ្នំពេញ ៖ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននាំយកថវិកាចំនួន ៣៨.៥០១.០០០រៀល និង៣៥០ដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ។
ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងកម្មវិធីសំណេះសំណាលការងាររវាង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប៉ាវ ហេងដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ថវិកាដែលបានប្រគល់ ជូនកាកបាទក្រហម កម្ពុជាក្នុងឆ្នាំនេះ គឺមានថវិកាជាប្រាក់រៀលចំនួន ៣៨.៥០១.០០០រៀល និង៣៥០ដុល្លារ បានពីការចូលរួមដោយស័គ្ម្រចិត្តពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា នេះជាលើកទី១៥ហើយ ដែលក្រសួងពាណិជ្ជកម្មបាននាំយកថវិការបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការបរិច្ចាគដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរស ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកគ្នា ក្នុងគ្រាក្រគ្រាលំបាក។
ជាការឆ្លើយតប លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដែលសរបញ្ជាក់អោយឃើញពីទឹកចិត្តដ៏ប្បុរសធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងងាយរងគ្រោះបំផុត។
លោកជំទាវអគ្គលេខាធិការបានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕
ដោយ៖CEN